ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភាថៃ ព្រមានជាមុនថា នឹងមិនបោះឆ្នោតឱ្យបក្សភឿថៃឡើយ បើសិនបក្ស Move Forward នៅតែជាផ្នែកមួយនៃក្រុមចម្រុះ

បរទេស៖ សមាជិកព្រឹទ្ធសភាជាច្រើនរូបបានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេនឹងមិនបោះឆ្នោតឱ្យគណបក្សភឿថៃ នៅក្នុងការបោះឆ្នោតសភារួមគ្នានៅថ្ងៃព្រហស្បតិ៍នោះទេ ប្រសិនបើគណបក្ស Move Forward នៅតែជាផ្នែកមួយនៃក្រុមចម្រុះ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាជិកព្រឹទ្ធសភាទាំងនោះ ក៏បានប្រាប់គណបក្សភឿថៃ កុំឱ្យបញ្ជូនសមាជិកសភាក្នុងបញ្ជីគណបក្សឈ្មោះ Suriya Juangroongruangkit ទៅជួបពួកគេ និងបញ្ចុះបញ្ចូលឱ្យបោះឆ្នោតសម្រាប់បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស។

ព្រឹទ្ធសមាជិកគឺលោក Seree Suwanpanont បាននិយាយថា រដ្ឋធម្មនុញ្ញហាមមិនអោយសមាជិកព្រឹទ្ធសភា នៅក្រោមការគ្រប់គ្រងរបស់គណបក្សនយោបាយ ដូច្នេះគ្មានចំណុចណាដែលគណបក្សភឿថៃបញ្ជូនលោក Suriya Juangroongruangkit ឱ្យមកជួបពួកគេដើម្បីបញ្ចុះបញ្ចូលការបោះឆ្នោតនោះទេ។

លោកថា សមាជិកព្រឹទ្ធសភានឹងរក្សាជំហរមិនគាំទ្រគណបក្សណាដែលស្វែងរកការកែប្រែរដ្ឋធម្មនុញ្ញតាមរបៀបដែលប៉ះពាល់ដល់របបរាជានិយម ឬប៉ះពាល់ដល់ស្ថាប័នសំខាន់ៗរបស់ប្រទេសឡើយ។

លោក Seree បាននិយាយសំដៅយ៉ាងច្បាស់ ទៅកាន់គណបក្ស ចលនាឆ្ពោះទៅមុខ ឬ Move Forward ដែលគ្រោងនឹងធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ និងដើម្បី “បិទ” អំណាចសមាជិកព្រឹទ្ធសភា ចូលរួមជ្រើសរើសនាយករដ្ឋមន្ត្រី របស់ប្រទេសនៅពេលក្រោយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top