ប៉េកាំង៖ លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន ទទួលបន្ទុកកិច្ចការបរទេសបានជួបជាមួយ លោក Nikolai Patrushev លេខាក្រុមប្រឹក្សាសន្តិសុខនៃ សហព័ន្ធរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្នុងជំនួបនោះ លោក វ៉ាង យី បានឲ្យដឹងថា ទំនាក់ទំនងចិន-រុស្ស៊ី បានទប់ទល់នឹងការសាកល្បងនៃការផ្លាស់ប្តូរអន្តរជាតិ ហើយកាន់តែមានភាពចាស់ទុំ មានភាពធន់ និងរឹងមាំ។
លោកបានលើកឡើងថា ប្រទេសចិន មានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ ជាមួយរុស្ស៊ី បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ ធ្វើឱ្យស៊ីជម្រៅនូវការរួមបញ្ចូលគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ព្រមទាំងពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការនៅកម្រិតទ្វេភាគី ថ្នាក់តំបន់ និងអន្តរជាតិ។
លោក បន្ដថា “យើងគួរតែធ្វើការរួមគ្នា ដើម្បីប្រឆាំងនឹង សកម្មភាពអនុត្តរភាព និងដៃខ្ពស់ ពង្រឹងភាពជាដៃគូយុទ្ធសាស្រ្ត ដ៏ទូលំទូលាយនៃការសម្របសម្រួលរវាងចិន និងរុស្ស៊ី និងបញ្ចូលកម្លាំងរុញច្រានថ្មីទៅក្នុងពិភពពហុប៉ូល និងលទ្ធិប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិ”។
ដោយសង្កត់ធ្ងន់ថាប្រទេស BRICS ទាំងអស់ គឺជាទីផ្សារ ដែលកំពុងរីកចម្រើនដ៏សំខាន់ និងជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលដើរតួនាទីសំខាន់ក្នុងពិភពលោក លោក បានសាទរចំពោះកិច្ចសហប្រតិបត្តិការ BRICS ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះជាមួយនឹងលទ្ធផលជាក់ស្តែង និងវឌ្ឍនភាពស្ថាប័ន។ BRICS គឺជាអក្សរកាត់ សម្រាប់ប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនចំនួន ៥ រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។
លោក បន្ថែមថា ប្រទេសចិន បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី និងបណ្តាប្រទេស BRICS ផ្សេងទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ BRICS បន្ថែមទៀតក្នុងគោលបំណងការពារផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍។
លោក Patrushev បានឲ្យដឹងថា រុស្ស៊ីមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយប្រទេសចិន ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងធ្វើឱ្យស៊ីជម្រៅនូវការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌរួមទាំង BRICS និងអង្គការសហប្រតិបត្តិការសៀងហៃ ដើម្បីចាក់បញ្ចូលស្ថិរភាពបន្ថែមទៀតទៅក្នុងពិភពលោក ដែលងាយនឹងបង្កជាហេតុ៕
ប្រែសម្រួល ឈូក បូរ៉ា