ព័ត៌មានអន្តរជាតិ

ស្នងការរងក្រុងបាងកកថា លោក ថាក់ស៊ីន មកដល់ទឹកដីថៃពេលណា គឺចាប់ខ្លួនពេលនឹង រួចបញ្ជូនទៅតុលាការ

ប្រភព៖ AFP

បរទេស៖ កូនស្រី របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោកស្រី ផែតងតាន (Paetongtarn) ដែលជាបេក្ខភាព នាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃបាននិយាយនៅលើ Facebook ថា លោក ថាក់ស៊ីន នឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិដនមឿង នៅថ្ងៃទី ១០ ខែសីហា ។

យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ មន្រ្តី ប៉ាន់ឆារឿន (Montri Pancharoen) ដែលទទួលបន្ទុកត្រួតពិនិត្យ មន្ត្រីអន្តោប្រវេសន៍ នៅអាកាសយានដ្ឋាន សុវណ្ណភូមិ និងអាកាសយានដ្ឋានអន្តរជាតិ ដនមឿង បាននិយាយថា ប៉ូលីសអន្តោប្រវេសន៍ មិនដឹងពីកាលបរិច្ឆេទ ជាក់លាក់ណាមួយ ដែលលោក ថាក់ស៊ីននឹងមកដល់នោះទេ។

លោក មន្រ្តី បាននិយាយថា វាមិនទាន់ត្រូវបានបញ្ជាក់ថាតើលោក ថាក់ស៊ីន នឹងទៅដល់ព្រលានយន្តហោះសុវណ្ណភូមិ ឬដនមឿង ទេ ដូច្នេះមិនមានការត្រៀមលក្ខណៈច្បាស់លាស់នៅព្រលានយន្តហោះទាំងពីរឡើយ។

យ៉ាងណាក៏ដោយ លោកបានបន្ថែមថា ការិយាល័យរបស់លោកបានរៀបចំផែនការរួចហើយ ជាមួយប៉ូលិសក្រុងថា តើត្រូវធ្វើយ៉ាងណា នៅពេលលោក ថាក់ស៊ីន មកដល់។

ការិយាល័យ​អន្តោប្រវេសន៍​ បាន​សម្របសម្រួល​ជាមួយ​ប៉ូលិស​ក្រុង ​រួច​ហើយ​លើ​គោលការណ៍​ណែនាំ​ដំបូង​ក្នុង​ការ​ត្រួតពិនិត្យ​បុគ្គល​ ដែល​ចូល​ប្រទេស។

ភារកិច្ចចម្បង របស់មន្ត្រីអន្តោប្រវេសន៍ គឺត្រួតពិនិត្យលិខិតឆ្លងដែន… នៅពេលដែលលោកថាក់ស៊ីន ធ្វើដំណើរចូល មកដល់ប្រទេសថៃ ប្រសិនបើមានដីកា ឬលោកថាក់ស៊ីនជាជនពាក់ព័ន្ធក្នុងសំណុំរឿង លោកនឹងត្រូវឃុំខ្លួន ដើម្បីចាត់ការបន្ត ហើយនឹងប្រគល់ឱ្យប៉ូលីស។ សម្រាប់សកម្មភាពជាបន្តបន្ទាប់ លោកឧត្តមសេនីយ៍ មន្រ្តី បាន​និយាយ​ថា នីតិវិធី​ទាំង​អស់​នេះ​នឹង​ត្រូវ​បាន​អនុវត្ត ​ដូច​ទៅ​តាម​ពិធីការ​ធម្មតា។

ចំណែកឧត្តមសេនីយទោ ឆុកឆៃ ងាំវង្ស (Chokchai Ngamwong) ស្នងការរងនៃការិយាល័យប៉ូលីសក្រុងបាងកក បាននិយាយថា ប៉ូលីសមិនទាន់មានព័ត៌មានផ្លូវការអំពីកាលបរិច្ឆេទពិតប្រាកដថា លោក ថាក់ស៊ីននឹងត្រលប់មកវិញ ឬព្រលានយន្តហោះណាដែលលោកនឹងទៅដល់នោះទេ។

លោក ឆុកឆៃ បាននិយាយថា ប្រសិនបើលោក ថាក់ស៊ីន មកដល់ក្នុងម៉ោងធ្វើការ លោកនឹងត្រូវចាប់ខ្លួន និងបញ្ជូនទៅតុលាការ ។ ទោះជាយ៉ាងនេះក្តី ប្រសិនបើគាត់មកដល់ក្រៅពីម៉ោងធ្វើការ លោកនឹងត្រូវនាំខ្លួន ទៅកាន់មន្ទីរឃុំឃាំងពិសេស នៅការិយាល័យប្រឆាំងគ្រឿងញៀន តាមបណ្តោយផ្លូវ វិហាវ៉ាឌី រ៉ងស៊ីត និងបញ្ជូនទៅតុលាការនៅពេលក្រោយ។ ប៉ុនែ្តបើ​សិនចាំបាច់ គាត់​នឹង​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​បាងកក៕
ប្រែសម្រួលៈ ណៃ តុលា

To Top