ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង បានប្រារព្ធខួបលើកទី៧០ នៃបទឈប់បាញ់សង្គ្រាមកូរ៉េ នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយគណៈប្រតិភូចិន និងរុស្ស៊ី នៅក្នុងការបង្ហាញ ជាក់ស្តែង នៃការរួបរួមចំពេលការប្រកួតប្រជែង របស់ពួកគេជាមួយសហរដ្ឋអាមេរិក។
ទីក្រុងព្យុងយ៉ាង អាចធ្វើព្យុហយាត្រាយោធា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបើយោងតាមប្រភពដែលស្គាល់ទំនាក់ទំនងអន្តរកូរ៉េ។ គណៈប្រតិភូ ដែលត្រូវបានបញ្ជូន ដោយទីក្រុងប៉េកាំង និងទីក្រុងមូស្គូ គឺជាក្រុមបរទេស ដែលគេស្គាល់ដំបូងគេ ដែលត្រូវបានអញ្ជើញទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីការបិទព្រំដែន របស់ប្រទេសនេះក្នុងឆ្នាំ២០២០ ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ដែលកំពុងដឹកនាំគណៈប្រតិភូទីក្រុងមូស្គូ បានជួបពិភាក្សាជាមួយ សមភាគីកូរ៉េខាងជើង លោក Kang Sun Nam និងបានយល់ព្រមពង្រឹង កិច្ចសហប្រតិបត្តិការ ការពារជាតិទ្វេភាគី ដោយហៅទីក្រុងព្យុងយ៉ាង ថាជា “ដៃគូដ៏សំខាន់” ។ ក្រុមចិន ដឹកនាំដោយលោក Li Hongzhong សមាជិកការិយាល័យនយោបាយរបស់បក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាច ។
មានលទ្ធភាពដែល Shoigu និង Li នឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ។ ប្រសិនបើសម្រេចបាន កិច្ចពិភាក្សារបស់ពួកគេ នឹងក្លាយជាទំនាក់ទំនងលើកដំបូងរវាងលោក គីម និងមន្ត្រីការបរទេសជាន់ខ្ពស់ ចាប់តាំងពីមេដឹកនាំរូបនេះ បានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅតំបន់គ្មានយោធាបែងចែកកូរ៉េទាំងពីរកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។
ចាប់តាំងពីខែមករា ឆ្នាំ២០២០ មក ប្រទេសកូរ៉េខាងជើង បានរក្សាព្រំដែនបិទជិតទាំងស្រុង ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងថ្មីនេះ។ ទីក្រុងព្យុងយ៉ាងអះអាងថា សង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បានបញ្ចប់ក្នុងជ័យជម្នះរបស់ខ្លួនលើកងកម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក។
នៅក្នុងជម្លោះដែលបានចាប់ ផ្តើមនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ ជាមួយនឹងការលុកលុយរបស់កូរ៉េខាងជើង ក្នុងគោលបំណងបង្រួបបង្រួម ក្រោមរបបកុម្មុយនិស្ត កងកម្លាំងអង្គការសហប្រជាជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក បានប្រយុទ្ធជាមួយកូរ៉េខាងត្បូងប្រឆាំងនឹងកូរ៉េខាងជើង ដែលគាំទ្រដោយប្រទេសចិន និងសហភាពសូវៀត ៕
ប្រែសម្រួល ឈូក បូរ៉ា