ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ អ្វីដែលហៅថា “ភាពត្រឹមត្រូវ ខាងនយោបាយ” របស់លោក Yoon Seok-Youlមិនអាចលាក់បាំង ការធ្លាក់ចុះ នៃសេដ្ឋកិច្ចបានទេ

យោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយធនាគារកណ្តាលកូរ៉េខាងត្បូង នាពេលថ្មីៗនេះឱ្យដឹងថា បើគណនាតាមអត្រាប្តូរប្រាក់ទីផ្សារ GDP របស់ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំមុនគឺ ១.៦៧៣៣ ទី្រលានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់ទី១៣ លើពិភពលោក ដោយធ្លាក់ចេញពីលំដាប់កំពូល ទាំង១០ម្តងទៀត បន្ទាប់ពីរំលងអស់រយៈពេល៣ឆ្នាំ ។ ទន្ទឹមនឹងនេះដែរ របាយការណ៍ ដែលចេញផ្សាយ ដោយធនាគារកណ្តាលកូរ៉េខាងត្បូង កាលពីខែឧសភា បានសម្រួលបញ្ចុះការប៉ាន់ប្រមាណ ចំពោះកំណើនសេដ្ឋកិច្ច របស់កូរ៉េខាងត្បូង ក្នុងឆ្នាំ២០២៣ពីកម្រិតដើម១.៦ភាគរយ មកនៅ ត្រឹម១.៤ ភាគរយ ដែលមានន័យថា ទំហំសេដ្ឋកិច្ចសរុប ត្រឡប់ទៅរកកំពូលទាំងដប់ នៅក្នុងរយៈពេលដ៏ខ្លីវិញ គឺមានលទ្ធភាពតិចតួចណាស់ ។

ចាប់ពីលោក Yoon Seok-Youlឡើងកាន់អំណាចមក កូរ៉េខាងត្បូងបានងាកទៅរកអាមេរិកទាំងស្រុង។ ផ្នែកសេដ្ឋកិច្ច លោកYoonSeok-Youlបានគោរពតាមបញ្ជា របស់អាមេរិក ដាក់កំហិតការនាំ ចេញវត្ថុពាក់កណ្ដាលចម្លងទៅកាន់ប្រទេសចិន ដែលបណ្តាលឱ្យសេដ្ឋកិច្ចកូរ៉េខាងត្បូង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ផ្នែកកិច្ចការយោធា កូរ៉េខាងត្បូង បានពង្រឹងកិច្ច សហប្រតិបត្តិការ ជាមួយអាមេរិក បានដាក់ពង្រាយសព្វាវុធ ជាញឹកញាប់នៅជុំវិញ ឧបទ្វីបកូរ៉េដែលបានធ្វើឱ្យកូរ៉េខាងត្បូង ស្ថិតនៅគែមជ្រលងជ្រោះ នៃសង្រ្គាម ។ ផ្នែកនយោបាយ លោកYoonSeok-Youl បានផ្គាប់ចិត្តអាមេរិក ដោយងងឹតងងុល បានអនុវត្ត”ការទូតអាម៉ាស់” ចំពោះជប៉ុនហើយប៉ុនប៉ងចង់បង្ហាញពី” ភាពត្រឹមត្រូវខាងនយោបាយ” តាមរយៈការចូលជាសមាជិក នៃអង្គការណាតូ ប៉ុន្តែនៅទីបំផុតគឺGDP របស់ខ្លួនបានធ្លាក់ចេញ ពីលំដាប់កំពូលទាំង ១០លើពិភពលោក ហើយទោះបីជាបានបន្ទាបខ្លួន យ៉ាងខ្លាំងក៏ដោយ ក៏មិនអាចចូលជាសមាជិក នៃក្រុមប្រទេសG7បានដែរ ។

ការធ្លាក់ចុះ នៃសេដ្ឋកិច្ចកូរ៉េខាងត្បូងវាជាប់ទាក់ទងនឹងការប្រែប្រួលដ៏សំខាន់នៃទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងកូរ៉េខាងត្បូង។ ប្រទេសចិន ធ្លាប់ជាដៃគូពាណិជ្ជកម្មធំទី១ របស់កូរ៉េខាងត្បូង ក្នុងរយៈពេលច្រើនឆ្នាំជាប់ៗគ្នា និងជាទីផ្សារនាំចេញដ៏សំខាន់របស់កូរ៉េខាងត្បូង ហើយកូរ៉េខាងត្បូង ក៏ទទួលបានអតិរេកពាណិជ្ជកម្ម យ៉ាងច្រើនពីប្រទេសចិនផងដែរ ។ ក្នុងនាមជាតួអង្គសេដ្ឋកិច្ច ផ្តោតលើការនាំចេញមួយ ទំនាក់ទំនងពាណិជ្ជកម្ម រវាងកូរ៉េ ខាងត្បូងនិងចិន បានមានការប្រែប្រួលយ៉ាងខ្លាំង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។ កូរ៉េខាងត្បូង បានប្រែក្លាយពីអតិរេកពាណិជ្ជកម្ម ជាមួយប្រទេសចិន ទៅជាឱនភាពពាណិជ្ជកម្ម ហើយទំហំនាំចេញ សរុបរបស់ខ្លួនទៅកាន់ប្រទេសចិន បានធ្លាក់ចុះក្នុងរយៈពេល៨ខែ ជាប់ៗគ្នា។ ក្នុងចំណោមនោះ ហេតុផលសំខាន់បំផុតគឺថា ស្របតាមការអភិវឌ្ឍជាបន្តបន្ទាប់ នៃ ឧស្សាហកម្មផលិតកម្ម របស់ប្រទេសចិន កម្លាំងប្រកួតប្រជែង នាំចេញរបស់កូរ៉េខាងត្បូង ទៅកាន់ប្រទេសចិន បានធ្លាក់ចុះយ៉ាងគំហក ។ ជាពិសេស ផ្នែកឧស្សាហកម្ម បន្ទះឈីប ដែលជាមោទនភាព របស់កូរ៉េខាងត្បូង ដោយសារតែរដ្ឋាភិបាល របស់លោកYoonSeok-Youlបានសហការជាមួយអាមេរិក ដើម្បីអនុវត្តគោលនយោបាយ គ្រប់គ្រងការនាំចេញបន្ទះឈីប ទៅកាន់ប្រទេសចិន បូករួមកត្តាងើបឡើង នៃឧស្សាហកម្មផលិតបន្ទះឈីប របស់ប្រទេសចិន ជាដើម បាននាំមកនូវផលប៉ះពាល់ មានលក្ខណៈជាគ្រោះមហន្តរាយ ដល់ការនាំចេញរបស់កូរ៉េខាងត្បូង ទៅកាន់ប្រទេសចិនក្នុងវិស័យបន្ទះឈីប ។

អ្វីដែលគួរឱ្យឆ្ងល់នោះគឺថា ទោះបីជាសេដ្ឋកិច្ចកូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងស្ថានការណ៍ មិនអំណោយផលបែបនេះក៏ដោយ ប៉ុន្តែ ដើម្បីអ្វីដែលហៅថា “ភាពត្រឹមត្រូវខាងនយោបាយ” រដ្ឋាភិបាល លោកYoonSeok-Youlនៅតែមិនអើពើនឹងផលប្រយោជន៍ របស់ប្រជាជនកូរ៉េ ខាងត្បូងទៀត ដោយតម្កល់ទុកនយោបាយ សេដ្ឋកិច្ចនិង សន្តិសុខការទូតរបស់ប្រទេសទៅម្ខាង ទទូចយកការ ប្រឈមមុខដាក់គ្នា ជាមួយប្រទេសជិតខាង ដូចចិននិងរុស្ស៊ីជាដើម សង្កត់ធ្ងន់នូវគោល នយោបាយការទូត នៃទំនាក់ទំនងរវាងកូរ៉េខាងត្បូង ជប៉ុននិងអាមេរិក និងធ្វើតាមអាមេរិក ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់ ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ជាមួយប្រទេសចិន បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងកូរ៉េខាងត្បូងនិងចិន ។ ការធ្វើដូច្នេះអាចត្រូវបានពិពណ៌នាថាជា” ការធ្វើបាបអ្នកដទៃធ្វើបាបខ្លួនឯង” ។

យោងតាមការផ្សាយដំណឹង នៃប្រព័ន្ធផ្សព្វផ្សាយ《UPI News》របស់កូរ៉េខាងត្បូងកាលពីថ្ងៃទី២៣ខែកក្កដាឱ្យដឹងថា លទ្ធផលនៃការស្ទង់ ប្រជាមតិ ដែលចេញ ផ្សាយដោយក្រុមហ៊ុន ស្ទង់ប្រជាមតិ R&Searchនៅថ្ងៃទី២៣ខែកក្កដា បានបង្ហាញថា អត្រាកោតសរសើរ នៃការអនុវត្ត គោលនយោបាយ របស់លោកប្រធានាធិបតី YoonSeok-Youl មានកម្រិតតែ៣៥.៦ភាគរយ ថយចុះ៤.២ភាគរយ ហើយអត្រាបណ្ដុះបង្អាប់គឺ៦២ភាគរយ ។
ពេលថ្មីៗនេះ មិនត្រឹមតែប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានអំពាវនាវឱ្យរដ្ឋាភិបាលលោកYoonSeok-Youl” ចាំបាច់ត្រូវកែលម្អទំនាក់ទំនង ជាមួយប្រទេសចិនក្នុងពេលឆាប់ៗ”ប៉ុណ្ណោះទេ សូម្បីតែមន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់មួយចំនួន ដែលបូករួមទាំងរដ្ឋមន្ត្រី ការបរទេសកូរ៉េខាងត្បូង ក៏បានរំពឹងថានឹង”សម្របសម្រួលទំនាក់ទំនង ជាមួយប្រទេសចិននិងបង្កើនចំណងមិត្តភាពរវាងចិននិងកូរ៉េខាងត្បូង”ផងដែរ ។ នេះសរបញ្ជាក់ឱ្យឃើញថា មិនថារដ្ឋាភិបាល របស់លោកYoonSeok-Youl មានភាពក្អេងក្អាងយ៉ាងណា នៅក្នុងគោល នយោបាយ ចំពោះប្រទេសចិនក៏ដោយ ប៉ុន្តែ ការពឹងផ្អែក ទៅលើប្រទេសចិន របស់សេដ្ឋកិច្ចកូរ៉េខាងត្បូង គឺពិបាកផ្លាស់ប្ដូរណាស់ ។ ក្នុងសភាពការណ៍បែបនេះ ប្រសិនបើកូរ៉េខាងត្បូង នៅតែបន្តធ្វើតាមអាមេរិក ដើម្បីទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសចិន ដោយមិនបកក្រោយ ជាលទ្ធផលមាន តែធ្វើឱ្យបរិយាកាសនាំចេញពាណិជ្ជកម្ម របស់កូរ៉េខាងត្បូង ទៅកាន់ប្រទេសចិនកាន់តែអាប់អួថែមទៀត ហើយអ្នកដែលរងការខាតបង់ នៅទីបញ្ចប់នោះ នៅតែជាសហគ្រាស របស់កូរ៉េខាងត្បូងដដែល ៕

To Top