ព័ត៌មានអន្តរជាតិ

ជប៉ុន និងបារំាង ចាប់ផ្តើមធ្វើសមយុទ្ធ យន្តហោះចម្បាំងរួមគ្នាជាលើកដំបូង

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសជប៉ុន និងបារាំង បានចាប់ផ្តើមធ្វើសមយុទ្ធយន្តហោះចម្បាំងរួមគ្នាជាលើកដំបូងដែលមិនធ្លាប់មាន ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនភាពជាដៃគូសន្តិសុខរបស់ពួកគេ ស្របពេលមានការអះអាងផ្នែកយោធាដែលកំពុងកើនឡើងរបស់ប្រទេសចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។

យន្តហោះចម្បាំង F-15 ចំនួន៣គ្រឿង និងយន្តហោះ F-2 ចំនួន២គ្រឿងមកពីកងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន ហៅកាត់ថា ASDF និងយន្តហោះចម្បាំង Rafale ចំនួន២គ្រឿងមកពីកងកម្លាំងអាកាស និងលំហអាកាសបារាំង នឹងធ្វើការហ្វឹកហាត់រហូតដល់ថ្ងៃសៅរ៍នៅលើមេឃ ដែលស្ថិតនៅភាគនិរតីរបស់ប្រទេសជប៉ុន នៅជិតមូលដ្ឋានអាកាស Nyutabaru ក្នុងខេត្ត Miyazaki ។

បើយោងតាម ASDF បានឲ្យដឹងថា យន្តហោះចម្បាំងដែលអមដោយយន្តហោះចាក់សាំង និងយន្តហោះដឹកជញ្ជូនមកពីប្រទេសនីមួយៗ ក៏មានគម្រោងហោះហើរចេញពីលើតំបន់ Kanto ដែលស្ថិតនៅភាគកណ្តាលទីក្រុងតូក្យូផងដែរ ។

កាលពីថ្ងៃពុធ យន្តហោះចម្បាំង Rafale បានមកដល់មូលដ្ឋាន Nyutabaru ដែលត្រូវបានស្វាគមន៍ដោយប្រធានបុគ្គលិក របស់ ASDF លោក Hiroaki Uchikura និងមន្ត្រីជាន់ខ្ពស់មកពីយោធាបារាំង ។

គួរបញ្ជាក់ថា សមយុទ្ធនេះធ្វើឡើងនៅគ្រាដែលប្រទេសបារាំង និងសមាជិកអង្គការ NATO ផ្សេងទៀតបាន និងកំពុងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិជាមួយទីក្រុងតូក្យូ ដោយសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិកកាន់តែមានការប្រុងប្រយ័ត្ន ចំពោះការកសាងយោធារបស់ក្រុងប៉េកាំង និងអាកប្បកិរិយាបង្កហេតុនៅក្នុងដែនសមុទ្រចិនខាងកើត និងខាងត្បូង នៅក្នុងចំណោមតំបន់ផ្សេងៗទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top