ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូថា យន្តហោះគ្មានមនុស្សបើកអាមេរិក MQ-9 Reaper ដោះសោរត្រៀមបាញ់មកលើយន្តហោះចម្បាំងរុស្ស៊ី

រូបភាពពី៖​ AFP

បរទេស៖ ទីក្រុងមូស្គូបាននិយាយថា យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់អាមេរិកបានធ្វើការហោះហើរ នៅរយៈចម្ងាយ “ជិតយ៉ាងគ្រោះថ្នាក់” ទៅនឹងយន្តហោះចម្បាំងរុស្ស៊ី Su-34 និង Su-35 នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃពុធ។ ឧបទ្ទវហេតុ​បែប​នេះ​ បាន​កើតឡើងជាលើក​ទី​ពីរ​ហើយក្នុង​រយៈពេល​មិន​ដល់​មួយ​សប្តាហ៍​ផង​។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមឧត្តមនាវីទោ Oleg Gurinov អនុប្រធានមជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីសម្រាប់ស៊ីរី គឺថា ឧបទ្ទវហេតុនេះបានកើតឡើងភ្លាមៗបន្ទាប់ពីម៉ោង ៧ និង ៣០ នាទីព្រឹកម៉ោងក្នុងស្រុកនៅភាគពាយ័ព្យ ខេត្ត Aleppo ។ លោកបាននិយាយថា យន្តហោះរុស្ស៊ីបានបាញ់គ្រាប់ភ្លើងដោយស្វ័យប្រវត្តិ បន្ទាប់ពីរ៉ាដារបស់យន្តហោះទាំងនោះបង្ហាញសញ្ញាថា យន្តហោះ Reaper បានដោះសោរអាវុធត្រៀមបាញ់។

អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានផ្តល់ដំណើររឿងផ្សេងពីព្រឹត្តិការណ៍នេះ ដោយបញ្ជាក់ថា យន្តហោះរុស្ស៊ី “ហោះហើរជិតយន្តហោះគ្មានមនុស្សបើករបស់យើងយ៉ាងគ្រោះថ្នាក់” ដែលជាផ្នែកនៃបេសកកម្មប្រឆាំងនឹងពួកជ្រុលនិយមអ៊ីស្លាម។

មន្ទីរបញ្ចកោណបាននិយាយមុននេះថា យន្តហោះរុស្ស៊ីមួយគ្រឿងបានហោះក្នុងចម្ងាយត្រឹមតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីយន្តហោះ MQ-9 ក្នុងអំឡុងពេលឧបទ្ទវហេតុដាច់ដោយឡែកមួយកាលពីថ្ងៃអាទិត្យ ដោយបានធ្វើឱ្យខូចខាតដល់តួយន្តហោះគ្មានមនុស្សបើក ដោយសារតែគ្រាប់អណ្តាតភ្លើងទាំងនោះ។

ថ្លែងជាមួយនឹងភាពចម្រូងចម្រាសកាលពីថ្ងៃអាទិត្យ លោក Gurinov បាននិយាយថា យន្តហោះគ្មានមនុស្សបើក Reaper គឺបានហោះហើរក្នុងលក្ខណៈមិនប្រុងប្រយ័ត្ន ហើយការប៉ះទង្គិចគ្នា គឺត្រូវបានបញ្ចៀស ដោយ “កម្រិតខ្ពស់នៃវិជ្ជាជីវៈ” របស់អ្នកបើកយន្តហោះរុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា

To Top