ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើង បានធ្វើព្យុហយាត្រាយោធាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរំលឹកខួបលើកទី៧០ នៃបទឈប់បាញ់សង្គ្រាមកូរ៉េ ដោយបន្ថែមថា វាមិនត្រូវបានគេដឹងភ្លាមៗនោះទេថាតើមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចូលរួមក្នុងព្រឹត្តិការណ៍នោះទេ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ត្រូវបានគេរំពឹងថា នឹងចូលរួមសង្កេតការណ៍ក្បួនដង្ហែរ។ នេះជាលើកទីមួយហើយសម្រាប់តំណាងរដ្ឋាភិបាលរុស្ស៊ី ដែលចូលរួមក្នុងការដង្ហែក្បួនយោធាកូរ៉េខាងជើង ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន នេះបើតាមមន្ត្រីកូរ៉េខាងត្បូង។
ក្បួនដង្ហែរត្រូវបានគេជឿថា នឹងធ្វើឡើងនៅទីលាន គីម អ៊ីលស៊ុង នៃទីក្រុងព្យុងយ៉ាង ដែលដាក់ឈ្មោះតាមស្ថាបនិករបស់ប្រទេស និងជាជីតារបស់មេដឹកនាំបច្ចុប្បន្ន។ លោក Li Hongzhong សមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តចិន ដែលកំពុងដឹកនាំគណៈប្រតិភូរបស់ប្រទេសនេះ ប្រហែលជាបានចូលរួមផងដែរ។
ទីក្រុងព្យុងយ៉ាង បានធ្វើព្យុហយាត្រាយោធាចុងក្រោយ កាលពីខែកុម្ភៈ ដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសារអបអរសាទរទៅកាន់លោក គីម ជុងអ៊ុន កាលពីថ្ងៃព្រហស្បតិ៍ថា ទាហានមកពីអតីតសហភាពសូវៀត និងកូរ៉េខាងជើង បានប្រយុទ្ធក្នុងសង្រ្គាមជាមួយគ្នា ហើយបានហៅបទពិសោធន៍ប្រវត្តិសាស្ត្រថា ជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី នេះបើយោងតាមការិយាល័យប្រធានាធិបតី។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រាប់ពិធីរំលឹកខួបបទឈប់បាញ់នៅទីក្រុងប៊ូសាន ថា ទីក្រុងសេអ៊ូល នឹងមិនភ្លេចការលះបង់ ដែលធ្វើឡើងដោយកងកម្លាំងអង្គការសហប្រជាជាតិក្នុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ។
លោក Yoon បានលើកឡើងថា កូរ៉េខាងត្បូង នឹងមិនភ្លេចការដឹងគុណរបស់ខ្លួន ចំពោះកងទ័ពនៃប្រទេសសម្ព័ន្ធមិត្ត “ដែលបានប្រថុយជីវិតរបស់ពួកគេ ហើយបានប្រញាប់ប្រញាល់មករកយើងក្នុងពេលលំបាក” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ។
នៅក្នុងសង្រ្គាមដែលបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ ជាមួយនឹងការលុកលុយរបស់កូរ៉េខាងជើង ក្នុងគោលបំណងបង្រួបបង្រួមក្រោមរបបកុម្មុយនិស្ត កងកម្លាំងអង្គការសហប្រជាជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក បានប្រយុទ្ធជាមួយកូរ៉េខាងត្បូង ប្រឆាំងនឹងកូរ៉េខាងជើង ដែលត្រូវបានគាំទ្រដោយប្រទេសចិន និងសហភាពសូវៀត៕ ប្រែសម្រួល ឈូក បូរ៉ា