ព័ត៌មានអន្តរជាតិ

អគ្គនាយកនាយកដ្ឋានកែប្រែរបស់ថៃ សន្យាធានាសុវត្ថិភាពឱ្យលោក ថាក់ស៊ីន ពេលលោកជាប់ពន្ធនាគារ ដោយនឹងដាក់​លោកឱ្យ​នៅ​ដាច់​ពី​អ្នក​ទោស​ផ្សេង​ទៀត

AFP

បរទេស៖ នាយកដ្ឋានកែប្រែ (DoC) របស់ថៃ បានផ្តល់ការធានារបស់ខ្លួនថា សុវត្ថិភាពរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជាអាទិភាពរបស់ខ្លួន នៅពេលដែលគាត់ជាប់ពន្ធនាគារ បន្ទាប់ពីការវិលត្រឡប់ចូលមកប្រទេសថៃវិញ ដូចដែលបានប្រកាសគឺនៅថ្ងៃទី ១០ ខែសីហាខាងមុខ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Ayuth Sintoppant អគ្គនាយកនាយកដ្ឋានកែប្រែ (DoC) បានធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃសុក្រ ដើម្បីឆ្លើយតបទៅនឹងការអត្ថាធិប្បាយ របស់ឧបនាយករដ្ឋមន្ត្រីចាំផ្ទះ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្តីទី លោក Wissanu Krea-ngam កាលពីថ្ងៃព្រហស្បតិ៍ដែលថា នៅពេលលោក ថាក់ស៊ីន ត្រលប់មកវិញ លោកនឹងទៅតុលាការដើម្បីទទួលដីកា ដាក់ពន្ធនាគារសម្រាប់សំណុំរឿង ចំនួនបីរបស់លោក ដែល​ជា​លទ្ធផល​ត្រូវ​ជាប់​ពន្ធនាគារ​រួម​គ្នា​១០​ឆ្នាំ។

លោក Ayuth បាន​និយាយ​ថា នាយកដ្ឋាន​នឹង​ធានា​សុវត្ថិភាព​របស់​លោក ថាក់ស៊ីន ហើយ​នឹង​ដាក់​គាត់​ឱ្យ​នៅ​ដាច់ ​ពី​អ្នក​ទោស​ផ្សេង​ទៀត។

លោកបន្តថា មានអ្នកទោសជាច្រើននៅក្នុងពន្ធនាគារ ដូច្នេះ DoC ព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោក ថាក់ស៊ីន ប្រសិនបើគាត់ស្នាក់នៅ ជាមួយអ្នកទោសផ្សេងទៀត។

អគ្គនាយកនាយកដ្ឋានកែប្រែរបស់ថៃរូបនេះ ក៏​កំពុង​ពិចារណា​លើ​ការ​ចាត់តាំងមន្ត្រី ជាពិសេស​សម្រាប់​គាត់ ឬ​បន្ទប់​ឯកជន ដើម្បី​ការពារ​គ្រោះថ្នាក់​ដែល​អាច​កើត​មាន។ DoC មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ឈ្មោះ​ ពន្ធនាគារ​ដែល​នឹងត្រូវដាក់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ដ្រីថៃ នៅឡើយនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top