ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បារម្ភ​ចំពោះ​ការ​ប្រមូល​ផ្តុំ ​ដែល​រៀបចំ​ដោយ​ក្រុម​អ្នក​គាំទ្រ គណបក្សលោក Pita ប្រឆាំង​នឹង​ព្រឹទ្ធសភា

ប្រភព ៖ Xinhua

បរទេស ៖ លោក Thanakorn Wangboonkongchana រដ្ឋមន្ត្រី​ការិយាល័យ ​នាយក​រដ្ឋមន្ត្រី​បាន​និយាយ​ថា នាយក​រដ្ឋមន្ត្រី​ថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា មាន​ការ​ព្រួយ​បារម្ភ ​ចំពោះ​ការ​ប្រមូល​ផ្តុំ ​ដែល​រៀបចំ​ដោយ​ក្រុម​អ្នក​គាំទ្រ គណបក្សចលនាឆ្ពោះទៅមុខ ឬ Move Forward (MFP) ដែល​តវ៉ា​ប្រឆាំង​នឹង​ព្រឹទ្ធសភា ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Thanakorn បាននិយាយកាលពីម្សិលមិញថា ឧត្តមសេនីយ៍ ប្រាយុទ្ធ បានសម្តែងការព្រួយបារម្ភ អំពីការប្រមូលផ្តុំគ្នាដោយការភ័យខ្លាចថា ពួកគេអាចទាញប្រទេស ឱ្យវិលទៅរកជម្លោះ រវាងក្រុមនយោបាយផ្សេងៗគ្នា។

លោក Thanakorn អនុប្រធានគណបក្ស United Thai Nation (UTN) បាននិយាយថា លោកចង់ឱ្យគណបក្ស MFP រំលឹកដល់អ្នកគាំទ្រ របស់ខ្លួនឱ្យគោរពតាមច្បាប់។

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ព្រួយបារម្ភអំពីការប្រមូលផ្តុំ MFP ប្រឆាំងនឹងព្រឹទ្ធសភា ដោយអ្នកគាំទ្រគណបក្សចលនាឆ្ពោះទៅមុខ ដែលឈ្នះការបោះឆ្នោត គឺមិនសប្បាយចិត្ត នឹងសមាជិកព្រឹទ្ធសភាភាគច្រើន ដែលត្រូវបានតែងតាំងដោយរបបយោធា ហើយពួកគេមិនបោះឆ្នោត ឱ្យបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្ស លោក Pita Limjaroenrat ។

លោក Thanakorn បានរំលឹកឡើងវិញថា UT នឹងមិនបោះឆ្នោតឱ្យបេក្ខជននាយករដ្ឋមន្ត្រី ណាមួយពីគណបក្សណាមួយឡើយ ដរាបណា គណបក្សចលនាឆ្ពោះទៅមុខ (MFP) នៅតែជាដៃគូចម្រុះ ហើយសំខាន់ជាងនេះ គឺដោយសារតែជំហររបស់ MFP លើការកែប្រែមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ។

នៅពេលសួរថាតើគណបក្សភឿថៃ បានចូលមកជិតគណបក្ស UTN ដើម្បីបង្កើតរដ្ឋាភិបាលឬអត់នោះ លោក Thanakorn បាននិយាយថា លោកមិនបានដឹងទេ ខណៈដែលមេដឹកនាំគណបក្ស និងជាអគ្គលេខាធិការ ដោះស្រាយបញ្ហាបែបនេះ។

អនុប្រធានគណបក្ស UTN បានបង្ហាញទំនុកចិត្តថា គណបក្សរបស់លោក និងបក្សភឿថៃ អាចធ្វើការជាមួយគ្នាបាន ព្រោះពេលនេះជាពេលដែលភាគីទាំងអស់ត្រូវរួមដៃគ្នាជួយប្រទេសឆ្ពោះទៅមុខ។

លោក​ថ្លែង​ថា​ «​មិន​ឃើញ​មាន​បញ្ហា​អ្វី ​សម្រាប់​គណបក្ស​ទាំង​ពីរ​ធ្វើការ​ជាមួយ​គ្នា​ទេ ​ដរាបណា​យើង​ប្រកាន់​ខ្ជាប់​ជា​ចម្បង​ ដើម្បី​ផលប្រយោជន៍​ប្រទេស​»​។ លោក Thanakorn បាននិយាយទៀតថា នាយករដ្ឋមន្ត្រីថ្មីនឹងត្រូវបានជ្រើសរើស ក្នុងពេលឆាប់ៗនេះបន្ទាប់ពីការចរចាបន្ថែម៕
ប្រែសម្រួលៈ ណៃ តុលា

To Top