ព័ត៌មានអន្តរជាតិ

អ្នកបញ្ចេញ ព័ត៌មានម្នាក់ អះអាងថា លោក ថាក់ស៊ីន ប្តូរចិត្តលែងចូលស្រុក នៅថ្ងៃទី១០ខែសីហា ក្រោយនេះហើយ

ប្រភព ៖AFP

បរទេស ៖ ការអះអាង របស់លោក Chuwit Kamolvisit ដែលថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបោះបង់ចោលផែនការ វិលត្រលប់ចូលប្រទេសថៃវិញ នៅថ្ងៃទី១០ ខែសីហា កំពុងបង្កឱ្យមានភាពចម្រូងចម្រាស់ រវាងកូនស្រីរបស់លោក ថាក់ស៊ីន និងប្រភពសន្តិសុខរបស់ថៃ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Chuwit ដែលបានប្រែក្លាយពីមហាសេដ្ឋី ហាងម៉ាស្សា ទៅជាអ្នកនយោបាយ ហើយបន្ទាប់មកក្លាយជា អ្នកបញ្ចេញព័ត៌មានវិញនោះ បាននិយាយនៅក្នុងហ្វេសប៊ុក នៅថ្ងៃសៅរ៍ថា លោក ថាក់ស៊ីន បានសម្រេចចិត្តរង់ចាំរហូតដល់ “ស្ថានភាពបានផ្លាស់ប្តូរ” មុនពេលគាត់ត្រឡប់ ទៅប្រទេសថៃវិញ។

អ្នកដែលនិយាយរិះគន់មិនសំចៃ មាត់រូបនេះ បាន​អះអាង​ថា អតីត​នាយក​រដ្ឋមន្ត្រី​បាន​ផ្លាស់​ប្តូរ​ចិត្ត​បន្ទាប់​ពី​ទទួល​បាន “ការ​ព្រមាន​ពី​គ្រោះ​ថ្នាក់​លើស​ពី​ការ​រំពឹង​ទុក”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កូនស្រីពៅ របស់លោកថាក់ស៊ីន គឺលោកស្រី ផែតងតាន ដែលជាបេក្ខភាព នាយករដ្ឋមន្ត្រីមួយរូប ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបីរូបរបស់គណបក្សភឿថៃ ហាក់ដូចជាកំពុងងឿងឆ្ងល់ ទៅលើការអះអាងរបស់លោក Chuwit។

ឆ្លើយតបទៅនឹងការបង្ហោះ Facebook របស់តារាល្បីលើការប្រកាសរបស់លោក Chuwit លោកស្រី ផែតងតាន បានសរសេរយ៉ាងសាមញ្ញថា៖ “អត់ប្រយោជន៍”។

នៅថ្ងៃ​សៅរ៍ ប្រភព​ពី​ទីភ្នាក់ងារ​សន្តិសុខ​មួយ​បាន​និយាយ​ថា​ មិន​មាន​ការ​ផ្លាស់​ប្តូរ​ចំពោះ​ផែនការ​របស់​លោក​ថាក់ស៊ីន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​នៅ​ថ្ងៃ​ទី ១០ ខែ​សីហា​ទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top