បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាល់ថា មីស៊ីលបានវាយប្រហារទីក្រុងកំពង់ផែ Taganrog ភាគនិរតីកាលពីថ្ងៃសុក្រ ដោយហៅឧបទ្ទវហេតុនេះថា ជា “ការវាយប្រហារភេរវកម្ម” ដោយអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយយោងតាមអាជ្ញាធរក្នុងតំបន់ថា តំបន់កណ្តាលទីក្រុងត្រូវបានវាយប្រហារដោយការបំផ្ទុះដ៏ធំមួយកាលពីថ្ងៃសុក្រ ដោយយ៉ាងហោចណាស់មនុស្ស ១៥នាក់បានរងរបួស។
យោធាបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលពីប្រព័ន្ធប្រឆាំងយន្តហោះ S-200 សម័យសូវៀត ដើម្បីតម្រង់គោលដៅទីក្រុងរបស់រុស្ស៊ី។ មីស៊ីលនេះត្រូវបាន “ស្ទាក់ចាប់” ដោយកងកម្លាំងរុស្ស៊ី ប៉ុន្តែបំណែករបស់វាបានធ្លាក់មកលើទីក្រុង។
សេចក្តីថ្លែងការណ៍បាននិយាយថា “ជាលទ្ធផលនៃអំពើភេរវកម្មដែលប្រព្រឹត្តដោយរបបក្រុងគៀវ អគារជាច្រើនត្រូវបានខូចខាត ហើយក៏មានជនស៊ីវិលស្លាប់បាត់បង់ជីវិត និង របួសផងដែរ”៕ ប្រែសម្រួលៈ ណៃ តុលា
