ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ថា មន្ត្រីជួយសង្គ្រោះក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្សចំនួន៨នាក់ដែលជាប់នៅក្នុងអណ្តូងរ៉ែមាសខុសច្បាប់មួយនៅលើកោះ Java របស់ឥណ្ឌូនេស៊ី ត្រូវបានគេព្រួយបារម្ភថា បានស្លាប់បាត់បង់ជីវិត ខណៈដែលកិច្ចខិតខំប្រឹងប្រែងស្វែងរកបានឈានចូលដល់ថ្ងៃទី៥ ហើយដោយមានក្តីសង្ឃឹមតិចតួចប៉ុណ្ណោះ ។
គេបានដឹងថា អណ្តូងរ៉ែដែលគ្មានអាជ្ញាប័ណ្ណ ភាគច្រើនមិនត្រូវបានយកចិត្តទុកដាក់ចំពោះវិធានការសុវត្ថិភាពជាមូលដ្ឋាននោះទេ គឺជារឿងធម្មតានៅទូទាំងប្រជុំកោះក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះដែលសម្បូរទៅដោយសារធាតុរ៉ែ ហើយគ្រោះថ្នាក់កើតឡើងជាញឹកញាប់ផងដែរ ។
ក្រុមកម្មករកំពុងជីកនៅក្នុងរណ្តៅជម្រៅ៦០ម៉ែត្រ នៅភូមិ Pancurendang នៅក្នុងខេត្ត Central Java កាលពីល្ងាចថ្ងៃអង្គារ នៅពេលនោះមានទឹកបានជន់លិចអណ្តូងរ៉ែខុសច្បាប់មួយនេះ ។
ក្រុមអ្នកជួយសង្គ្រោះ បានដាក់ពង្រាយម៉ាស៊ីនបូមទឹកជុំវិញមាត់អណ្តូងរ៉ែ ហើយបានធ្វើការដើម្បីទប់ទំនប់វារីអគ្គិសនីនៅក្បែរនោះ ក្នុងគោលបំណងកុំឲ្យមានក្តីបារម្ភណាមួយកើតឡើង និងដើម្បីយកទឹកចេញពីផ្នែកនៃតំបន់ជីករុករករ៉ែ ប៉ុន្តែវានៅតែជន់លិចដដែលគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា