ព័ត៌មានអន្តរជាតិ

អ្នករិះគន់២រូប នៅប្រទេសថៃ ទទូចថា ផែនការវិលចូលស្រុករបស់លោកថាក់ស៊ីន គឺគ្មានអ្វីក្រៅពីទាក់ទាញការចាប់អារម្មណ៍នោះទេ

បរទេស៖ យោងតាមប្រភពពីគណបក្សភឿថៃ និងប៉ូលីសភូមិន្ទថៃ (RTP) បានឱ្យដឹងថា បំណងរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងការវិលត្រឡប់មកប្រទេសវិញ នៅថ្ងៃទី១០ ខែសីហា គឺមិនបានផ្លាស់ប្តូរទេ បន្ទាប់ពីរយៈពេល ១៧ឆ្នាំ ក្នុងការនិរទេសខ្លួន។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកថាក់ ស៊ីន គ្រោងនឹងមកដល់អាកាសយានដ្ឋានដនមឿងនៅថ្ងៃទី១០ ខែសីហា នៅម៉ោង ១០ និង ៣០ នាទីព្រឹក។

ការបញ្ជាក់នេះបានធ្វើឡើងបន្ទាប់ពីអ្នករិះគន់ពីរនាក់គឺលោក ចាតុផន ព្រំផាន និងលោក ជូវីត កាំមុលវីសិត បានទទូចថាពួកគេមានហេតុផលដើម្បីជឿថា ផែនការវិលត្រឡប់របស់លោកថាក់ស៊ីន គឺគ្មានអ្វីក្រៅពីទាក់ទាញការចាប់អារម្មណ៍នោះទេ។

គណបក្សភឿថៃ បាននិងកំពុងដំណើរការវីដេអូឃ្លីបជាបន្តបន្ទាប់នៅលើទំព័រ Facebook របស់ខ្លួន ដែលបង្ហាញពីការកាត់ក្តី និងប្រវត្តិទាក់ទងនឹងអាជីពនយោបាយដ៏យូរអង្វែងរបស់លោកថាក់ស៊ីន ចាប់ពីការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០០១ រហូតដល់ការទម្លាក់ពីអំណាចដោយយោធា ដែលជារដ្ឋប្រហារដែលរៀបចំដោយក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ក្នុងឆ្នាំ ២០១៤។

វីដេអូឃ្លីបនេះ ត្រូវបានគេបង្ហោះឡើង ហាក់ដូចជាស្របគ្នានឹងកូនស្រីពៅរបស់លោកថាក់ស៊ីន និងជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានប្រកាសពីការត្រលប់ចូលប្រទេសថៃវិញរបស់ឪពុកលោកស្រី។

លោកស្រី លីនធីផន វ៉ារិនវ៉ាត់ឆារ៉ារ៉យ សមាជិកសភា និងជាអ្នកនាំពាក្យគណបក្សស្តីទី កាលពីថ្ងៃអាទិត្យ បាននិយាយថា ឃ្លីបវីដេអូនេះគឺមានគោលបំណងអប់រំសាធារណជនអំពីជីវិតនយោបាយរបស់លោកថាក់ស៊ីន៕

ប្រែសម្រួលៈ ណៃ តុលា

To Top