ម៉ូស្គូ៖ យោធាអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានប្រឈមនឹង បញ្ហាជាមួយនឹងប្រព័ន្ធទំនាក់ទំនង Starlink ដែលទទួលបានការ កោតសរសើរយ៉ាងខ្លាំង នាពេលកន្លងមក ហើយ តើមានអ្វីអាចនៅ ពីក្រោយបញ្ហានេះ?
របាយការណ៍បានលេចឡើង ដែលបង្ហាញថា ផ្កាយរណប Starlink បានឈប់ ដំណើរ ការនៅ ក្នុងផ្នែកខ្លះ នៃតំបន់ជម្លោះអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន លោកខាងលិច ម្ចាស់ក្រុមហ៊ុន SpaceX លោក Elon Musk បានរឹតបន្តឹងការចូលប្រើអ៊ីនធឺណិត Starlink របស់លោកម្តងហើយម្តងទៀត នៅក្នុងករណីមួយចំនួន សម្រាប់យោធាអ៊ុយក្រែន ដែលនៅទីបំផុតបានគាំទ្រយុទ្ធសាស្ត្រ សមរភូមិរបស់ទីក្រុងគៀវ។
ទោះជាយ៉ាងនេះក្តី មហាសេដ្ឋីរូបនេះ មិនទាន់បានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះនៅឡើយទេ ហើយទោះយ៉ាងណាក៏ដោយ មានការពន្យល់មួយទៀត ដែលអាចកើតមាន ចំពោះការលំបាកដែលទាហានអ៊ុយក្រែន កំពុងប្រឈម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Sputnik។
ផ្អែកលើការវិភាគនៃការជជែក ដោយពួកសកម្មប្រយុទ្ធអ៊ុយក្រែន នៅលើខ្សែ ទំនាក់ទំនង ពួកគេមានការលំបាក ក្នុងការប្រើប្រាស់អ៊ីនធឺណិត តាមរយៈផ្កាយរណប Starlink ក្នុងទិសដៅយុទ្ធសាស្ត្រ Lugansk។ នៅក្នុងនោះដែរវរសេនីយ៍ទោចូលនិវត្តន៍ នៃកងកម្លាំងប្រដាប់ អាវុធសាធារណៈរដ្ឋ Lugansk លោក Andrey Marochko បានប្រាប់ Sputnik នៅថ្ងៃទី៣១ ខែកក្កដា ម្សិលមិញនេះថា “មនុស្សជាច្រើនសន្មតថា នេះសម្រាប់ប្រទេសរុស្ស៊ី ដែលប្រើឧបករណ៍សង្គ្រាមអេឡិចត្រូនិច ដើម្បីរារាំងទំនាក់ទំនង ដែលផ្តល់ដោយក្រុនហ៊ុន SpaceX” ។
ក្រសួងការពារជាតិរុស្ស៊ី មិនទាន់ផ្តល់ការអត្ថាធិប្បាយណាមួយលើបញ្ហានេះនៅឡើយទេ ហើយថាតើប្រព័ន្ធផ្កាយ រណបអ៊ិនធឺណិត Starlink ជាអ្វី ហើយតើរុស្ស៊ីមានសមត្ថភាព រារាំងប្រព័ន្ធបែបនេះតាំង ពីដំបូងឬយ៉ាងណា?
ប្រព័ន្ធផ្កាយរណប
Starlink ដំណើរការដោយក្រុមហ៊ុន អវកាសអាមេរិក SpaceX ដែលគ្រប់គ្រង ដោយលោកElon Musk ខណៈពេលដែលសេវាអ៊ីនធឺណិត តាមផ្កាយរណបភាគច្រើន ត្រូវបានផ្តល់ដោយផ្កាយ រណបតែមួយ ដែលវិលជុំវិញភពផែនដីនៅរយៈកម្ពស់ ៣៦,៧៨៦គីឡូម៉ែត្រ តាមពិត Starlink គឺជាក្រុមតារានិករនៃយានអវកាសរាប់ពាន់ ដែលគោចរជុំវិញភពផែនដី កាន់តែជិតទៅនឹងផ្ទៃរបស់វា នៅចម្ងាយប្រហែល ៥៥០គីឡូម៉ែត្រប៉ុណ្ណោះ និង គ្របដណ្តប់ពិភពលោកទាំងមូលទៅ តាមក្រុមហ៊ុនផលិត។
ក្រុមហ៊ុន SpaceX បានផ្តល់សេវាអ៊ីនធឺណិត តាមផ្កាយរណបដល់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី។ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោក Elon Musk បានអះអាងនៅលើ Twitter ថា “Starlink បានទប់ទល់នឹងការគម្រាមកំហែងនៃសង្រ្គាមអ៊ីនធឺណិត និងការលួចចូលរបស់រុស្ស៊ី មកទល់ពេលនេះ ប៉ុន្តែពួកគេកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ” ។
នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ កាសែត Washington Post បានរាយការណ៍ថា ខ្លួនបានទទួលឯកសារ ស៊ើបការណ៍សម្ងាត់មួយ ដែលជាផ្នែកមួយនៃអ្វីដែលគេហៅថា ការលេចធ្លាយមន្ទីរបញ្ចកោណ ដោយថា ទីក្រុងមូស្គូ បានធ្វើការពិសោធន៍ជាច្រើនខែជាមួយនឹង “ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក Tobol” របស់ខ្លួន ដើម្បីរំខានដល់ការបញ្ជូនរបស់ Starlink នៅក្នុងប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា