ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា អ៊ុយក្រែន បាត់បង់ទាហានជាង ២០០០០ នាក់ក្នុងអំឡុងពេលសមរភូមិក្នុងខែកក្កដា​

រូបភាពពី៖​ AFP
" "

បរទេស៖ អ៊ុយក្រែន បានចាប់ផ្តើមការវាយលុកដ៏សន្ធឹករបស់ខ្លួនកាលពីដើមខែមិថុនា បន្ទាប់ពីបានពន្យារពេលយុទ្ធនាការម្តងហើយម្តងទៀត ជុំវិញការខ្វះខាតការផ្គត់ផ្គង់យោធាពីម្ចាស់ជំនួយរបស់លោកខាងលិច នៅក្នុងនោះអ៊ុយក្រេន បានបាត់បង់ទាហានជាង ២០០០០ នាក់ក្នុងអំឡុងពេលសមរភូមិក្នុងខែកក្កដា។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានបាត់បង់ទាហាន ២០៨២៤នាក់ និងសម្ភារៈយោធាចំនួន ២២២៧ គ្រឿង ក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងខែកក្កដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

" "

លោក Shoigu បានប្រាប់មន្ត្រីយោធាថា “ក្នុងរយៈពេលមួយខែកន្លងមកនេះ ជាលទ្ធផលនៃសកម្មភាពជោគជ័យនៃកងទ័ពរបស់យើង ការខាតបង់របស់សត្រូវ មានចំនួនជាង ២០៨០០នាក់ ដែលត្រូវជាចំនួនពិតប្រាកដ ២០៨២៤នាក់ និង ២២២៧គ្រឿង ​និងបាត់បង់រថក្រោះ Leopard ចំនួន ១០គ្រឿង។

" "

លោកបានបញ្ជាក់ថា ក្នុងចំណោមសម្ភារៈ ដែលបាត់បង់ដោយទីក្រុងគៀវ មានរថក្រោះ Leopard ចំនួន ១០ គ្រឿង រថក្រោះ Bradley BMP របស់សហរដ្ឋអាមេរិកចំនួន ១១គ្រឿង ប្រព័ន្ធកាំភ្លើងធំ US M777 ចំនួន ៤០គ្រឿង និងប្រព័ន្ធកាំភ្លើងធំដោយខ្លួនឯងចំនួន ៥០ គ្រឿងមកពីប្រទេសអង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង និងប៉ូឡូញ។

លោករដ្ឋមន្ត្រីបានបន្ថែមថា “វាច្បាស់ណាស់ថា សព្វាវុធរបស់លោកខាងលិច ដែលបានផ្គត់ផ្គង់មិននាំទៅរកភាពជោគជ័យនៅលើសមរភូមិនោះទេ ប៉ុន្តែគ្រាន់តែអូសបន្លាយជម្លោះយោធាប៉ុណ្ណោះ”។
លោក Shoigu បានលើកឡើងថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី សកម្មនៅគ្រប់ទិសទីនៅក្នុងតំបន់នៃប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ដោយផ្តោតលើការធ្វើឱ្យសមត្ថភាពប្រយុទ្ធរបស់អ៊ុយក្រែន ចុះខ្សោយ។

លោក Sergei Shoigu បានលើកឡើងថា កងទ័ពអ៊ុយក្រែនបានបាត់បង់ទាហាន ៤០០នាក់ និងសម្ភារៈចំនួន ៦៣ នៅក្នុងទិសដៅ Orekhove កាលពីថ្ងៃទី ២៦-២៧ ខែកក្កដា។
លោក Shoigu បានបន្ថែមថា រុស្ស៊ី បានរារាំង ការប៉ុនប៉ងទ្រង់ទ្រាយធំរបស់អ៊ុយក្រែន ដើម្បីទម្លុះខ្សែការពារក្នុងទិសដៅនេះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top