ព័ត៌មានអន្តរជាតិ

Breaking News: យោធាមីយ៉ាន់ម៉ា យល់ព្រមលើកលែងទោសឱ្យលោកស្រី អ៊ុងសាន ស៊ូជី ចំនួន៥បទល្មើស

រូបភាពពី៖​ AFP

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ា បានរាយការណ៍នៅថ្ងៃអង្គារថា អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី នឹងត្រូវលើកលែងទោសចំពោះបទល្មើសចំនួន ៥ ក្នុងចំណោមបទល្មើសជាច្រើន ដែលលោកស្រីត្រូវបានជាប់ពន្ធនាគារសរុបចំនួន ៣៣ ឆ្នាំ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ម្ចាស់ជ័យលាភីណូបែល លោកស្រី អ៊ុងសាន ស៊ូជី ដែលកាលពីសប្តាហ៍មុនបានផ្លាស់ប្តូរពីពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះក្នុងរដ្ឋធានីណៃពិដោរ វិញ នោះ ត្រូវបានឃុំខ្លួនចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារនៅដើមឆ្នាំ ២០២១ ។

លោកស្រីកំពុងប្តឹងឧទ្ធរណ៍ចំពោះការផ្ដន្ទាទោសចំពោះបទល្មើសផ្សេងៗរាប់ចាប់ពីការញុះញង់ និងការបន្លំសន្លឹកឆ្នោតរហូតដល់អំពើពុករលួយ ហើយលោកស្រីបានបដិសេធរាល់ការចោទប្រកាន់។

វិទ្យុ និងទូរទស្សន៍មីយ៉ានម៉ា បានរាយការណ៍ពីការលើកលែងទោសនេះ នៅថ្ងៃអង្គារ ប៉ុន្តែប្រភពព័ត៌មានមួយបាននិយាយថា លោកស្រីនឹងនៅតែស្ថិតក្នុងការឃុំខ្លួនដដែល។

ប្រភពដែលបដិសេធមិនបញ្ចេញអត្តសញ្ញាណបាននិយាយថា៖ «លោកស្រី អ៊ុងសាន ស៊ូជី នឹងមិនរួចពីការឃុំខ្លួនក្នុងផ្ទះទេ»។ លោកស្រី ស៊ូជី អាយុ ៧៨ ឆ្នាំ ជាកូនស្រីរបស់វីរៈបុរសឯករាជ្យរបស់មីយ៉ាន់ម៉ា ត្រូវបានឃុំខ្លួនក្នុងផ្ទះជាលើកដំបូងក្នុងឆ្នាំ ១៩៨៩ បន្ទាប់ពីមានការតវ៉ាដ៏ធំប្រឆាំងនឹងការគ្រប់គ្រងដោយយោធាជាច្រើនទសវត្សរ៍៕ ប្រែសម្រួលៈ ណៃ តុលា

To Top