ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ថា កងទ័ពបរទេស មិនអំណោយផល ដល់ស្ថិរភាព របស់ប្រទេសស៊ីរីនោះទេ

ប្រភព ៖ AFP

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា វត្តមានរបស់កងកម្លាំង បរទេសនៅក្នុងប្រទេសស៊ីរី គឺមិនមានការរួមចំណែក ដល់ស្ថិរភាពនៅក្នុងរដ្ឋអារ៉ាប់ និងក្នុងតំបន់ នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មានផ្លូវការ IRNA ។

លោកបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីស៊ីរីលោក Faisal Mekdad បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ កាលពីម្សិលមិញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Amir-Abdollahian បានលើកឡើងថា “វាចាំបាច់សម្រាប់សហរដ្ឋអាមេរិក ដែលកាន់កាប់កងកម្លាំងយោធា ដើម្បីចាកចេញពីទឹកដីស៊ីរី ជាបន្ទាន់” ។

លោក Amir-Abdollahian បានផ្តល់ការធានាថា អ៊ីរ៉ង់ “នឹងបន្តកិច្ចខិតខំប្រឹងប្រែង និងការគាំទ្ររបស់ខ្លួនយ៉ាងមុតមាំ ដើម្បីធានាសន្តិភាព ស្ថិរភាព និងសន្តិសុខយូរអង្វែង នៅក្នុងតំបន់” ដោយសង្កត់ធ្ងន់ថា សន្តិភាព និងសន្តិសុខ នឹងត្រូវបានធានាតែក្នុងករណី ដែលគ្មានការជ្រៀតជ្រែក ពីកងកម្លាំងបរទេស និងតាមរយៈការលើកទឹកចិត្តជនភៀសខ្លួន ​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ និង​ដកចេញនូវ​ទណ្ឌកម្មឯកតោភាគីរបស់​លោកខាងលិច​ ។

រដ្ឋមន្ត្រីការបរទេសស៊ីរីបានឲ្យដឹងថា វត្តមានរបស់សហរដ្ឋអាមេរិក នៅភាគពាយ័ព្យស៊ីរី គឺមិនស្របច្បាប់ និង “មិនត្រូវបានស្វាគមន៍ដោយរដ្ឋអារ៉ាប់” ដោយសង្កត់ធ្ងន់ថា ស៊ីរី ចង់ឱ្យកងកម្លាំងសហរដ្ឋអាមេរិក និងក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ចាកចេញពីទឹកដីរបស់ខ្លួន។

លោក Mekdad បានបន្ដថា ប្រទេសស៊ីរី មានសមត្ថភាព ក្នុងការបញ្ចប់វត្តមានរបស់ក្រុមរដ្ឋអ៊ីស្លាមនៅលើដីរបស់ខ្លួន ដោយអំពាវនាវឱ្យប្រទេស លោកខាងលិចទាំងអស់ បញ្ឈប់ការគាំទ្ររបស់ពួកគេ ចំពោះអំពើភេរវកម្ម។

រដ្ឋមន្ត្រីការបរទេសស៊ីរី កំពុងបំពេញទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ រួមជាមួយនឹងរដ្ឋមន្ត្រីទំនាក់ទំនង និងបច្ចេកវិទ្យា និងរដ្ឋមន្ត្រីសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីតាមដានការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី ដែលបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ទៅកាន់ទីក្រុងដាម៉ាស់ កាលពីដើមខែឧសភា ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top