បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃអង្គារថា ទូកគ្មានមនុស្សបើកនៅសមុទ្ររបស់អ៊ុយក្រែន បានប៉ុនប៉ងវាយប្រហារមកលើនាវារុស្ស៊ី ពីរគ្រឿងដែលមានភារកិច្ចត្រួតពិនិត្យការរុករកនៅភាគនិរតីនៃសមុទ្រខ្មៅ ដែលមានចម្ងាយប្រហែល ៣៤០ គីឡូម៉ែត្រពីទីក្រុង Sevastopol ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមសេចក្តីថ្លែងការណ៍ខ្លីរបស់យោធារុស្ស៊ីថា “យប់មិញ កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបានធ្វើការប៉ុនប៉ងមិនជោគជ័យ ក្នុងការវាយប្រហារលើនាវាល្បាត Sergey Kotov និង នាវា Vasily Bykov នៃកងនាវាចរសមុទ្រខ្មៅ ជាមួយនឹងទូកគ្មានមនុស្សបើកចំនួនបីគ្រឿង” ។
ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា ទូកគ្មានមនុស្សបើកដែនសមុទ្រទាំងអស់ត្រូវបានបំផ្លាញដោយកងទ័ពជើងទឹករុស្ស៊ី ដោយនាវាទាំងពីរកំពុងបន្តប្រតិបត្តិការនៅក្នុងតំបន់។
យោងតាមក្រសួងការពារជាតិបានឱ្យដឹងទៀតថា នាវា Sergey Kotov បានស្ថិតនៅក្រោមការវាយប្រហារដោយទូកគ្មានមនុស្សបើករបស់អ៊ុយក្រែននៅក្នុងតំបន់ដូចគ្នាកាលពីសប្តាហ៍មុន ហើយថានាវារបស់រុស្ស៊ី បានបាញ់បំផ្លាញទូកគ្មានមនុស្សលើសមុទ្រទាំងពីរគ្រឿង ដែលពាក់ព័ន្ធនឹងការវាយឆ្មក់នៅចម្ងាយពី ១ ០០០ម៉ែត្រ និង ៨០០ ម៉ែត្រ៕ ប្រែសម្រួលៈ ណៃ តុលា