បរទេស៖ អ្នកនាំពាក្យ នៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Kirby កាលពីថ្ងៃអង្គារម្សិលមិញនេះបានអះអាងថា សហរដ្ឋអាមេរិក នឹងមិនបានចាត់ទុកថា វត្តមានរបស់ក្រុមទាហានស៊ីឈ្នួល Wagner Group នៅក្នុងបេឡារូសអាចគម្រាមកំហែងដល់ប្រទេសប៉ូឡូញ ឬសមាជិករបស់អង្គការណាតូផ្សេងនោះទេ។
លោក Kirby បាននិយាយថា យើងមិនបានមើលឃើញអំពីការគំរាមកំហែងជាក់លាក់ណាមួយពីក្រុម Wagner ប្រឆាំងនឹងប៉ូឡូញ ឬសម្ព័ន្ធមិត្តណាតូផ្សេងទៀតរបស់យើងទេប៉ុន្តែដោយកត់សម្គាល់ថា សហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងដិតដល់ចំពោះហេតុការណ៍និងស្ថានការណនេះ។
សេចក្តីថ្លែងការណ៍របស់លោកបានកើតឡើងភ្លាមៗបន្ទាប់ពីប៉ូឡូញបានប្រកាសពីការដាក់ពង្រាយទាហាន១០០០នាក់ទៅកាន់ព្រំដែនជាមួយប្រទេសបេឡារូសដោយលើកឡើងពីរបាយការណ៍អំពីវត្តមានរបស់ Wagner នៅក្បែរទៅនឹងតំបន់ដែលគេហៅថា Suwalki Gap ។
គួរឲ្យដឹងដែរថានៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានអះអាងថា ការមកដល់នៃ ក្រុមទាហានស៊ីឈ្នួលជាង១០០នាក់នៅក្នុងតំបន់ក្បែរព្រំដែនគឺជា ជំហានមួយឆ្ពោះទៅរកការវាយប្រហារកូនកាត់នាពេលខាងមុខនៅលើទឹកដីប៉ូឡូញ៕ ប្រែសម្រួល៖ស៊ុនលី