ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បែកបាក់ជាមួយភរិយា ដែលជាអតីតពិធីករទូរទស្សន៍

បរទេស៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau និងភរិយា គឺលោកស្រី Sophie Gregoire កំពុងបែកបាក់គ្នាបន្ទាប់ពី រៀបការបានរយៈពេល ១៨ ឆ្នាំ, គូភរិយាទាំងពីរបានប្រកាសអំពី ការបែកបាក់គ្នានេះ នៅក្នុងការបង្ហោះលើ Instagram កាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយលើកឡើងពី “ការសន្ទនាដ៏មានអត្ថន័យ និងពិបាកជាច្រើន” លោកនាយករដ្ឋមន្រ្តី Trudeaus បានពន្យល់ថា ពួកគេ “នៅតែជាគ្រួសារជិតស្និទ្ធ ជាមួយនឹងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងការគោរពគ្នាទៅវិញទៅមក” ហើយបានជំរុញឱ្យសាធារណជន គោរពភាពឯកជនពួកគេ និងកូនរបស់ពួកគេ។

លោក Trudeau និងភរិយាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បំបែកផ្លូវច្បាប់មួយ, នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រី ដែលបានពន្យល់ថា ប្តីប្រពន្ធនេះបាន “ធ្វើការដើម្បីធានាថាគ្រប់ជំហានផ្លូវច្បាប់ និងសីលធម៌ទាក់ទងនឹងការសម្រេចចិត្ត របស់ពួកគេដើម្បីបំបែកខ្លួនត្រូវបានគេអនុវត្ត ហើយ នឹងបន្តធ្វើដូច្នេះទៅមុខ»។

លោក Trudeau ដែលជានាយករដ្ឋមន្រ្តីប្រទេសកាណាដា បានរៀបការជាមួយ លោកស្រី Gregoire ដែលជាអតីតពិធីករទូរទស្សន៍ក្នុងឆ្នាំ ២០០៥។ លោក Trudeau បានក្លាយជានាយករដ្ឋមន្ត្រីកាណាដា នៅក្នុងឆ្នាំ ២០១៥។ ខណៈដែល លោកស្រី Gregoire ត្រូវបានគេឃើញជាញឹកញាប់ជាមួយលោក Trudeau នៅក្នុងមុខងារផ្លូវការ នៅពេលលោកជាប់ឆ្នោតដំបូង ប៉ុន្តែលោកស្រី Sophie Gregoire មិនសូវឃើញប៉ុន្មានឆ្នាំថ្មីៗនេះ ដោយខកខានមិនបានបង្ហាញខ្លួន នៅអាហារពេលល្ងាច នៅក្នុងជំនួបរបស់មេដឹកនាំ NATO និងគូស្វាមីរបស់ពួកគេក្នុងអំឡុងពេល កិច្ចប្រជុំកំពូលនាពេលថ្មីៗនេះ របស់ប្លុកនៅទីក្រុង Vilnius ក្នុងចំណោមព្រឹត្តិការណ៍ផ្សេងទៀត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top