បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Pawel Jablonski កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការព្រមានថាការផ្សះផ្សាគ្នា រវាងរដ្ឋាភិបាលប៉ូឡូញនិងអ៊ុយក្រែន នឹងមិនអាចធ្វើទៅរួចនោះទេប្រសិនបើ ក្នុងករណីដែលអ៊ុយក្រែនមិនទទួលស្គាល់ ការសម្លាប់រង្កាលជនជាតិដើមប៉ូឡូញ នៅក្នុងសម័យសង្គ្រាមលោកទី២ ដោយក្រុមអ្នកស្នេហាជាតិ ជ្រុលនិយមអ៊ុយក្រែន។
យោងតាមការចេញផ្សាយរបស់ RT លោក Jablonski បានបន្ថែមទៀតថា៖ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងស្ថានភាពពេលនេះហាក់ដូចជា មិនសូវជាល្អប្រសើរនោះទេ ដោយសារតែសេចក្តីថ្លែងការណ៍ថ្មីៗនេះ ដោយអជ្ញាធរនៃប្រទេសអ៊ុយក្រែន។
ប៉ូឡូញបានបញ្ជាក់អំពីជំហរ បស់ខ្លួនក្នុងយល់ពីអារម្មណ៍ របស់អ៊ុយក្រែនដែលកំពុងស្ថិតនៅ ក្នុងការវាយប្រហារពីរុស្សីប៉ុន្តែអ៊ុយក្រែន មិនត្រូវបន្តវាយប្រហារដោយពាក្យសំដៅ ទៅសម្ព័ន្ធមិត្តផ្សេងទៀតនោះទេ ។
ប្រទេសប៉ូឡូញគឺជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត ដែលខិតខំប្រឹងប្រែងដើម្បីផ្គត់ផ្គង់ ដល់អ៊ុយក្រែននូវអាវុធ គ្រាប់រំសេវ និងឧបករណ៍យោធាយ៉ាងច្រើន ប៉ុន្តែថ្មីៗនេះប៉ូឡូញក៏បានចូលរួមការជំរុញ ដោយសមាជិកសហភាពអឺរ៉ុបខាងកើតចំនួនប្រាំមួយ ដើម្បីទប់ស្កាត់ការលក់ការនាំចេញ កសិផលរបស់អ៊ុយក្រែន ក្នុងតម្លៃទាបជាងទីផ្សារ ក្រោមសម្ពាធពីកសិករ ដែលរងផលប៉ះពាល់ដែល ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ៊ុយក្រែនផងដែរ និងជាលទ្ធផលប៉ូឡូញបាន ទទួលពាក្យរិះគន់ជាច្រើន ៕
ប្រែសម្រួល៖ ស៊ុន លី