ព័ត៌មានអន្តរជាតិ

រុស្សី បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ៧គ្រឿង ពេលកំពុង ហោះលើតំបន់ Kaluga ក្នុងទឹកដីរុស្ស៊ី

បរទេស៖ មន្ត្រីស៊ីវិល និងយោធារាយការណ៍ថា រុស្សីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៧ គ្រឿង ខណៈដែលយន្តហោះគ្មានមនុស្សបើកទាំងនោះ ហោះលើតំបន់ Kaluga។ ថ្មីៗនេះ ទីក្រុងគៀវ បានប៉ុនប៉ងវាយប្រហារដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ចំនួនពីរដងមកលើរដ្ឋធានីរបស់រុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក (UAVs) ចំនួន៦គ្រឿងត្រូវបានរាយការណ៍ជាលើកដំបូងនៅព្រឹកថ្ងៃព្រហស្បតិ៍ដោយអភិបាលតំបន់គឺលោក Vladislav Shapsha ដែលបាននិយាយថា យន្តហោះកំពុងព្យាយាមហោះហើរឆ្លងកាត់ទឹកដីក្រុងរបស់លោក។

តំបន់ Kaluga ស្ថិតនៅចន្លោះតំបន់ Moscow នៅភាគឦសាន និងតំបន់ Bryansk នៅភាគនិរតី ជាមួយនឹងព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន។ អភិបាល​ខេត្ត​បាន​បន្ត​ថា មិន​មាន​អ្នក​រង​របួស ឬ​ខូច​ខាត​នៅ​លើ​ដី​នោះ​ទេ។

របាយការណ៍នេះត្រូវបានបញ្ជាក់ដោយក្រសួងការពារជាតិរុស្ស៊ី ដែលបាននិយាយថា យន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងការពារដែនអាកាស មុនពេលយន្តហោះទាំងនោះ អាចប្រើប្រាស់ក្នុងការវាយប្រហារភេរវកម្ម។ នៅថ្ងៃបន្ទាប់ លោក Shapsha បានរាយការណ៍ថា យន្តហោះទីប្រាំពីរត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស។

សូមជម្រាបថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានហោះទៅដល់ទីក្រុងមូស្គូកាលពីថ្ងៃអាទិត្យមុន និងម្តងទៀតនៅថ្ងៃអង្គារ ដែលទាំងពីរដងបានវាយប្រហារតំបន់ហិរញ្ញវត្ថុនៅកណ្តាលទីក្រុងមីស្គូ របស់រុស្ស៊ី តែម្តង។ យោធារុស្ស៊ីបាននិយាយថា ឧប្បត្តិហេតុទាំងពីរបានកើតឡើងបន្ទាប់ពីវិធានការប្រឆាំងអេឡិចត្រូនិចត្រូវបានដាក់ពង្រាយប្រឆាំងនឹងយន្តហោះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top