ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បង្ហាញយុទ្ធសាស្ត្រអនុវត្ត រូបមន្តសន្តិភាព

គៀវ៖ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន ​បានបង្ហាញយុទ្ធសាស្ត្រ ៣ជំហាន ដើម្បីអនុវត្តរូបមន្តសន្តិភាពរបស់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតី បានឲ្យដឹងនៅក្នុងសារបង្ហោះលើបណ្ដា Telegram ថា ដំណាក់កាលដំបូងរួមមានកិច្ចប្រជុំរវាងអាជ្ញាធរអ៊ុយក្រែន និងឯកអគ្គរដ្ឋទូត ដែលទទួលស្គាល់នៅអ៊ុយក្រែន ក្នុងគោលបំណងពិភាក្សាលម្អិតអំពីរូបមន្តសន្តិភាព។

លោក Yermak បានលើកឡើងថា នៅដំណាក់កាលទីពីរ ទីក្រុងគៀវ នឹងជួបពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខជាតិបរទេស និងទីប្រឹក្សានយោបាយ ដើម្បីស្វែងរកយន្តការ សម្រាប់ការអនុវត្តផែនការសន្តិភាព។

យោងតាមលោក Yermak កិច្ចប្រជុំកំពូលជាសាកល ដោយមានការចូលរួមពីមេដឹកនាំពិភពលោក ដើម្បីអនុវត្តវិធានការសំដៅបញ្ចប់ជម្លោះនៅអ៊ុយក្រែន នឹងក្លាយទៅជាដំណាក់កាលចុងក្រោយនៃយុទ្ធសាស្ត្រសន្តិភាព។

លោក Yermak បានបន្ដថា កិច្ចប្រជុំអន្តរជាតិលើកដំបូង ដើម្បីពិភាក្សាអំពីរូបមន្តសន្តិភាពរបស់អ៊ុយក្រែន ត្រូវបានធ្វើឡើងនៅប្រទេសដាណឺម៉ាក ក្នុងខែមិថុនា ហើយកិច្ចប្រជុំបន្ទាប់នឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត។

លោកបានកត់សម្គាល់ថា ទីប្រឹក្សាសន្តិសុខជាតិ និងទីប្រឹក្សានយោបាយមកពីបណ្តាប្រទេសនៅលោកខាងលិច អាស៊ី អាហ្រ្វិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន នឹងចូលរួមក្នុងកិច្ចប្រជុំនេះ។

យោងតាមលោក Igor Zhovkva អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន តំណាងប្រទេសជាង ៣០ នឹងចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី៥-៦ ខែសីហា។

ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានដាក់ចេញនូវរូបមន្ត ១០ចំណុច ដែលរៀបចំឡើង ដើម្បីសម្រេចបានសន្តិភាពនៅអ៊ុយក្រែនក្នុងខែវិច្ឆិកា ឆ្នាំ២០២២៕ ប្រែសម្រួល ឈូក បូរ៉ា

To Top