ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត៨នាក់ នៅក្នុងហេតុការណ៍ រថភ្លើងដឹកទំនិញ បុកជាមួយរថយន្តដឹកត្រី១គ្រឿង នៅភាគកណ្តាលប្រទេសថៃឡង់ដ៏

រូបភាពពី៖​ AFP

បាងកក៖ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ថា ទីភ្នាក់ងារផ្លូវដែករបស់ព្រះរាជាណាចក្រថៃឡង់ដ៏ បានឲ្យដឹងថា មនុស្សចំនួន៨នាក់បានស្លាប់កាលពីថ្ងៃសុក្រនៅគ្រាដែល រថភ្លើងដឹកទំនិញបានបុកនឹងរថយន្តភីកអាប់ ដែលកំពុងព្យាយាមឆ្លងកាត់ផ្លូវដែកនៅស្ថិតនៅភាគកណ្តាលនៃប្រទេសថៃឡង់ដ៏ ។

ទីភ្នាក់ងាររថភ្លើងរដ្ឋរបស់ប្រទេសថៃឡង់ដ៏ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោងប្រហែល២និង២០នាទី ត្រូវនឹងម៉ោង៣និង២០នាទីព្រឹក (ម៉ោងនៅប្រទេសសិង្ហបុរី) នៅឯច្រកឆ្លងកាត់គ្មានការអនុញ្ញាតនៅក្នុងខេត្ត Chachoengsao ដែលស្ថិតនៅភាគខាងកើតទីក្រុងបាងកក ។

សេចក្តីថ្លែងការណ៍បានដាក់ថា អ្នកបើកបររថភ្លើងបានបន្លឺសំឡេងព្រមានរបស់គាត់ដែរ នៅគ្រាដែលរថភ្លើងរបស់គាត់ចូលទៅជិតដល់ផ្លូវកាត់ ប៉ុន្តែមិនអាចឈប់បានឡើយ មុនពេលបុករថយន្តដឹកទំនិញ១គ្រឿងដែលកំពុងដឹកជញ្ជូនត្រី ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា “អ្នកបើកបររថភ្លើងបានធ្វើតាមពិធីការដោយបន្លឺសំឡេងរោទិ៍ចំនួន៣ដង ប៉ុន្តែវាមកដល់ជិតពេកហើយដែលបានធ្វើឱ្យអ្នកបើកបរពិបាកបញ្ឈប់រថភ្លើងឲ្យឈប់បានទាន់ពេលវេលា” ។

មនុស្សចំនួន៨នាក់ ក្នុងនោះប្រុស៥នាក់ និងស្រី៣នាក់ស្លាប់ក្នុងពេលរថភ្លើងបុកគ្នា ។

មនុស្សចំនួន៤នាក់ទៀតបានរងរបួស ក្នុងនោះម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរណាស់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top