ម៉ូស្គូ៖ មជ្ឈមណ្ឌលជួយសង្គ្រោះ និងសម្របសម្រួលដែនសមុទ្រ (MRCC) នៃទីក្រុង Novorossiysk បានឲ្យដឹងថា យន្តហោះដ្រូនរបស់អ៊ុយក្រែនមួយគ្រឿង បានវាយប្រហារ និងបំផ្លាញនាវាដឹកប្រេងរបស់រុស្ស៊ី នៅច្រកសមុទ្រ Kerch ។
ប្រភពពី MRCC បានឲ្យដឹងថា នាវិករបស់នាវាដឹកប្រេងមានសុវត្ថិភាព ប៉ុន្តែការវាយប្រហារបានធ្វើឱ្យខូចខាតដល់បន្ទប់ម៉ាស៊ីន។ ក្រុមអ្នកជួយសង្គ្រោះមួយក្រុមនិងទូកអូសពីរគ្រឿងបានទៅតំបន់នោះដើម្បីជួយអ្នកដឹកប្រេង។
ការវាយប្រហារនេះបានកើតឡើងនៅព្រឹកព្រលឹមនៃថ្ងៃសៅរ៍ ដោយធ្វើឱ្យមានសំឡេងខ្លាំងៗ ដែលបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុក Kerch ដែលជាទីក្រុងមួយនៅភាគខាងកើតនៃឧបទ្វីបគ្រីមៀ។ ស្ពានគ្រីមៀ ប្រវែង ១៩ គីឡូម៉ែត្រ ដែលតភ្ជាប់រុស្ស៊ីដីគោកជាមួយឧបទ្វីបគ្រីមៀ បានបិទដំណើរការជាបណ្តោះអាសន្នដោយសារតែការគំរាមកំហែងនៃការវាយប្រហារ ប៉ុន្តែបានបើកឡើងវិញបន្ដិចក្រោយមក៕ ប្រែសម្រួល ឈូក បូរ៉ា