ព័ត៌មានអន្តរជាតិ

Update៖ មេដឹកនាំកូរ៉េខាងជើង ចុះពិនិត្យមើលរោងចក្រផលិត សព្វាវុធសំខាន់ៗ នៅក្នុងប្រទេស

សេអ៊ូល៖ នៅថ្ងៃអាទិត្យនេះ លោក គីម ជុងអ៊ុន មេដឹកនាំរបស់ប្រទេសកូរ៉េខាងជើង បានចុះពិនិត្យមើលរោងចក្រផលិតសព្វាវុធសំខាន់ៗ រួមទាំងរោងចក្រផលិតប្រព័ន្ធកាំភ្លើងធំ និងបាញ់បង្ហោះយានសម្រាប់គ្រាប់មីស៊ីលផ្លោងដែលមានសមត្ថភាពនុយក្លេអ៊ែរ ហើយបានសន្យាថា នឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសព្វាវុធ និងការត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម ។

សម្រាប់ការត្រួតពិនិត្យនេះដែរគឺមានរយៈពេល៣ថ្ងៃរបស់លោក គីម ដោយគិតត្រឹមថ្ងៃសៅរ៍ ហើយបានធ្វើឡើងនៅគ្រាដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានរៀបចំជុំគ្នាសម្រាប់ការធ្វើសមយុទ្ធយោធារួមបញ្ចូលគ្នារបស់ពួកគេដែលគ្រោងធ្វើឡើងនៅចុងខែនេះ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ប្រទេសកូរ៉េខាងជើងដែលកំពុងកើនឡើង ។

គេបានដឹងថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារល្បឿន នៃការសាកល្បងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង និងសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលលោក គីម បានចាត់ទុកថា ជាការហាត់សមសម្រាប់វាយលុកនោះ បានធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងៗ ។

ក្រុមអ្នកជំនាញខ្លះបានលើកឡើងថា ការធ្វើដំណើររបស់លោក គីម ទៅកាន់រោងចក្រផលិតសព្វាវុធ ក៏អាចពាក់ព័ន្ធនឹងកិច្ច សហប្រតិបត្តិការយោធាដែលអាចកើតមានជាមួយទីក្រុងម៉ូស្គូ ដែលអាចពាក់ព័ន្ធនឹងការផ្គត់ផ្គង់កាំភ្លើងធំ និងគ្រាប់រំសេវផ្សេងទៀតរបស់កូរ៉េខាងជើង នៅគ្រាដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចាប់ដៃជាមួយប្រទេសផ្សេងទៀតសម្រាប់ការគាំទ្រក្នុងសង្គ្រាមនៅអ៊ុយក្រែន នោះ ។

ក្នុងអំឡុងពេលចុះត្រួតពិនិ្យតរបស់លោក គីម ទៅកាន់រោងចក្រដែលមិនបានបញ្ជាក់ច្បាស់ដែលផលិតប្រព័ន្ធកាំភ្លើងធំខ្នាតធំ លោកបានសង្កត់ធ្ងន់ទៅលើ “ការទំនួលខុសត្រូវ និងភារកិច្ចសំខាន់ៗរបស់រោងចក្រក្នុងការត្រៀមខ្លួនជាស្រេចសម្រាប់ការធ្វើសង្គ្រាមរបស់កូរ៉េខាងជើង” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top