ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន សំដែងក្តីបារម្ភ អំពីបញ្ហាការខ្វះខាតអាវុធសាជាថ្មី

រូបភាពពី៖​ AFP

បរទេស៖ ក្រុមមន្ត្រីជំនួយរបស់ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានលើកឡើងថា យុទ្ធនាការយោធារបស់កងកម្លាំងយោធារបស់អ៊ុយក្រែន បច្ចុប្បន្នកំពុងមានការខ្វហខាតខ្លាំងដោយសារការផ្គត់ផ្គង់អាវុធ ពីសំណាក់សម្ព័ន្ធមិត្តហើយដាច់ខាតត្រូវការផ្គត់ផ្គង់ បន្ថែមពីសំណាក់សម្ព័ន្ធមិត្តដើម្បីធ្វើឲ្យការប្រឆាំងរុស្សីមានប្រសិទ្ធភាព។

យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់រូបនេះបាននិយាយថា៖ រដ្ឋាភិបាលទីក្រុងគៀវ ត្រូវការគ្រាប់កាំភ្លើងធំ និងកាំជ្រួចរយៈចម្ងាយឆ្ងាយបន្ថែមទៀត ហើយកំពុងជួបប្រទះនឹង ការខ្វះខាតជាក់លាក់ នៃបរិក្ខារដោះមីន។ យោធា​ក៏​មាន​ការ​លំបាក​ក្នុង​ការ​ជួសជុល​គ្រឿង​សឹក​ដែល​ខូច​ខាតដែរ។

គួរឲ្យដឹងដែរថាអាវុធសំខាន់ៗ ដែលអ៊ុយក្រែន នៅតែខ្វះខាតគឺប្រព័ន្ធប្រឆាំងយន្តហោះ និងយន្តហោះចម្បាំងទំនើបៗ ជាពិសេស F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ដែលកន្លងមកអ៊ុយក្រែន បានស្នើសុំអ្នកគាំទ្រលោកខាងលិច ដើម្បីផ្គត់ផ្គង់យន្តហោះ F-16 អស់ជាច្រើនខែដោយទទូចថា យន្តហោះចម្បាំងមួយនេះនឹងអាចជួយឲ្យអ៊ុយក្រែន យកឈ្នះសង្គ្រាមប្រឆាំងនឹងរុស្ស៊ី បាន។

ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន បានបង្ហាញភាពស្ទាក់ស្ទើរក្នុងការផ្តល់យន្តហោះទាំងនោះ ដោយក្នុងនោះទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានលើកឡើងថា យន្តហោះនេះនឹងមានឥទ្ធិពលតិចតួចលើសមរភូមិ ដោយសារការប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសយ៉ាងទូលំទូលាយនៅអ៊ុយក្រែនរួចទៅហើយនោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top