ព័ត៌មានអន្តរជាតិ

របបយោធានីហ្សេ បដិសេធមិនថយក្រោយ ខណៈឱសានវាទផុតកំណត់ ស្របពេលដែល ECOWAS បានរៀបចំផែនការសង្រ្គាម

AFP

បរទេស៖ អ្នកបះបោរនៃក្រុមនយោបាយប្រដាប់អាវុធ ដែលកំពុងគ្រប់គ្រងប្រទេសនីហ្សេ បានបដិសេធមិនព្រមលះបង់អំណាច ដោយសារតែឱសានវាទដែលកំណត់ ដោយសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) បានផុតកំណត់កាលពីថ្ងៃអាទិត្យ ក៏ដោយ។ ក្រុមមេដឹកនាំរដ្ឋប្រហារ បានប្តេជ្ញាកម្ចាត់ប្រទេសនីហ្សេ ចេញពីឥទ្ធិពលអាណានិគម ហើយបើតាមសេចក្តីរាយការណ៍ថា ក្រុមរដ្ឋប្រហារយោធារបស់នីហ្សេ បានងាកទៅរកជំនួយពីក្រុមហ៊ុនយោធាឯកជន Wagner របស់រុស្ស៊ី ដើម្បីសម្រេចបាននូវរឿងនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមប្រទេស ECOWAS បានចេញឱសានវាទរយៈពេលមួយសប្តាហ៍ ដល់មេដឹកនាំយោធានីហ្សេកាលពីសប្តាហ៍មុន ដោយទាមទារឱ្យឧត្តមសេនីយ៍ Abdourahamane Tchiani និងគណៈរដ្ឋមន្ត្រីរបស់ លោកចុះចេញពីតំណែង ហើយដាក់ប្រធានាធិបតី Mohamed Bazoum ឱ្យកាន់អំណាចឡើងវិញ។
ឧត្តមសេនីយបានទម្លាក់ និងចាប់ខ្លួនប្រធានាធិបតី Bazoum កាលពីចុងខែមុន បន្ទាប់មកកាត់ផ្តាច់ការនាំចេញ ធនធានរ៉ែទៅប្រទេសបារាំង និងគំរាមព្យួរកិច្ចព្រមព្រៀងយោធាជាមួយ អតីតមេអាណានិគមរបស់ប្រទេសនេះថែមទៀត។

ឱសានវាទពី ECOWAS បានកន្លងផុតទៅដោយគ្មាន ការយកចិត្តទុកដាក់ ពីក្រុមរដ្ឋប្រហារយោធានីហ្សេ។ មន្ត្រីជាន់ខ្ពស់របបយោធាលោកឧត្តមសេនីយ Mohamed Toumba បានប្រាប់ក្រុមអ្នកគាំទ្រនៅក្នុងរដ្ឋធានី Niamey របស់នីហ្សេ កាលពីរសៀលថ្ងៃអាទិត្យថា «ពួកយើងទាំងអស់គ្នានឹងឈរ និងប្រយុទ្ធក្នុងនាមជាប្រជាជនតែមួយ”។ យើងកំពុងស្នើសុំឱ្យអ្នក រួបរួមគ្នាឡើងធ្វើអ្វីមួយ»។

ដឹកនាំដោយប្រទេសនីហ្សេរីយ៉ា រដ្ឋជាសមាជិកមួយចំនួននៃប្លុក ECOWAS បានរៀបចំផែនការសង្រ្គាម ហើយកំពុងរៀបចំសម្រាប់ការលុកលុយ។ ទោះបីជាយ៉ាងណាក៏ដោយ សមាជិកសភាក្នុងប្រទេសនីហ្សេរីយ៉ា បានជំរុញឱ្យប្រធានាធិបតី Bola Tinubu ស្វែងរកដំណោះស្រាយការទូត មុនពេលបញ្ជូនទាហាននីហ្សេរីយ៉ា ឆ្លងកាត់ព្រំដែន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top