ព័ត៌មានអន្តរជាតិ

​ចិន និង​អឺរ៉ុប គួរតែធ្វើការសន្ទនា​ តាមស្ថាប័នបន្ថែមទៀត ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី

ប្រភព ៖ AFP

ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន និង សហភាពអឺរ៉ុប​ គួរតែធ្វើការសន្ទនា តាមស្ថាប័នបន្ថែមទៀត ដើម្បីបញ្ចូលកម្លាំងជំរុញថ្មី និងរឹងមាំទៅក្នុងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយចិន និងសហភាពអឺរ៉ុប ។

លោក វ៉ាង យី ក៏ជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានធ្វើការកត់សម្គាល់ក្នុង អំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយតំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុប សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខលោក Josep Borrell ។

ចំណែកលោក Borrell បានសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នាពេលថ្មីៗនេះ នៅក្នុងប្រទេសចិន ហើយបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប ប្តេជ្ញាយ៉ាងមុតមាំក្នុងការអភិវឌ្ឍ ទំនាក់ទំនងល្អជាមួយប្រទេសចិន ។

លោកបានបន្ថែមថា យុទ្ធសាស្ត្រច្រកទ្វារសកល របស់សហភាពអឺរ៉ុប និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ មិនមែនជាគូប្រជែងទេ ប៉ុន្តែជាការបំពេញ បន្ថែមគ្នាទៅវិញទៅមក ព្រោះថាទាំងពីរនេះមានគោលបំណង លើកកម្ពស់ការអភិវឌ្ឍន៍សកលលោក។

លោក Borrell បានសង្កត់ធ្ងន់ថា លោកទន្ទឹងរង់ចាំដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងចាប់ផ្តើមការសន្ទនា ជាយុទ្ធសាស្ត្រ ជាមួយភាគីចិន ដើម្បីរួមគ្នារៀបចំ សម្រាប់កិច្ចប្រជុំមេដឹក នាំអឺរ៉ុប-ចិន នៅឆ្នាំនេះ និងដើម្បីជំរុញ ការអភិវឌ្ឍន៍បន្ថែមទៀត នៃទំនាក់ទំនងទ្វេភាគី ។

លោក វ៉ាង យី បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ការផ្លាស់ប្តូរកម្រិតខ្ពស់រវាងចិន និងសហភាពអឺរ៉ុប បានរក្សានូវសន្ទុះដ៏ល្អ ហើយភាគីទាំងពីរជឿថា ភាពជាដៃគូ គឺជាលក្ខណៈសំខាន់បំផុតនៃទំនាក់ទំនងចិន-សហភាពអឺរ៉ុប។

លោកបានកត់សម្គាល់ថា ប្រទេសចិន តែងតែប្រកាន់ យកអាកប្បកិរិយាវិជ្ជមាន ក្នុងការលើកកម្ពស់ទំនាក់ទំនងចិន-សហភាពអឺរ៉ុប ដោយលោក បានបន្ថែមថា ប្រទេសចិន យកចិត្តទុក ដាក់យ៉ាងខ្លាំង ចំពោះកិច្ចប្រជុំរបស់មេដឹកនាំចិន-សហភាពអឺរ៉ុបដែលបានគ្រោងទុក សម្រាប់ឆ្នាំនេះ ហើយរំពឹងថា វានឹងដើរតួជាយុទ្ធសាស្ត្រឈានមុខគេ ក្នុងទំនាក់ទំនងចិន-សហភាពអឺរ៉ុប និងកិច្ចសហប្រតិបត្តិការទ្វេភាគី​ ។

លោកបន្ថែមថា ប្រទេសចិន និងសហភាពអឺរ៉ុប គួរតែធ្វើការសន្ទនាតាមស្ថាប័នបន្ថែមទៀត ដើម្បីរៀបចំឱ្យមានការផ្លាស់ប្តូរ ដែលបាត់រវាងចិន និងសហភាពអឺរ៉ុប ក្នុងរយៈពេលបីឆ្នាំ នៃការរាតត្បាតជំងឺកូវីដ-១៩ និងបញ្ចូលកម្លាំងជំរុញថ្មី និងរឹងមាំទៅក្នុងភាពជាដៃ គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-សហភាពអឺរ៉ុប ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top