បរទេស៖ សមាជិក នៃសហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) មិនទាន់ត្រៀមខ្លួន ដើម្បីធ្វើអន្តរាគមន៍ពេញលេញក្នុងប្រទេសនីហ្សេ ជាកន្លែងដែលរបបយោធាបានដណ្តើមអំណាចនោះទេ, នេះបើតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយដកស្រង់ប្រភពនានា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីខែមុន ECOWAS ដែលជាប្លុកក្នុងតំបន់ដែលមានប្រទេសចំនួន ១៥ បានដាក់ចេញឱសានវាទរយៈពេលប្រាំពីរថ្ងៃ ដែលគំរាមកំហែងដល់សកម្មភាពយោធាប្រឆាំងនឹងអ្នករៀបចំផែនការរបស់នីហ្សេ ប្រសិនបើពួកគេមិនបានប្រគល់តំណែងឱ្យប្រធានាធិបតីដែលត្រូវបានទម្លាក់លោក Mohamed Bazoum ឡើងវិញ។ ទោះជាយ៉ាងណា របបយោធាបានបដិសេធ និងមិនព្រមដកថយឡើយ។
ថ្ងៃផុតកំណត់សម្រាប់ឱសានវាទបានកន្លងផុតទៅកាលពីថ្ងៃអាទិត្យ ដោយមិនមានសញ្ញានៃការធ្វើអន្តរាគមន៍ ឬការចល័តយោធាប្រដាប់អាវុធណាមួយនៅក្នុងបណ្តាប្រទេសជាប់ព្រំដែនរបស់ប្រទេសនីហ្សេ នោះទេ។
ថ្លែងទៅកាន់សារព័ត៌មាន WSJ មេបញ្ជាការជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះ មកពីប្រទេសមួយក្នុងចំណោមប្រទេស ECOWAS បានផ្តល់សញ្ញាថា ប្លុកនេះនៅតែមិនទាន់រៀបចំសម្រាប់ប្រតិបត្តិការពេញលេញនៅឡើយ។ លោកបានបន្តថា «សម្រាប់ពេលនេះ យើងត្រូវការពង្រឹងកម្លាំងរបស់អង្គភាពរបស់យើងមុននឹងចូលរួមក្នុងសកម្មភាពយោធាបែបនេះ» ដោយបន្ថែមថា ជោគជ័យរបស់វាអាស្រ័យលើការរៀបចំដ៏ល្អ។
ការពន្យារធ្វើសកម្មភាពយោធាពេលនេះក៏កើតមានឡើង នៅពេលដែលប្រទេស Burkina Faso និងប្រទេស Mali ដែលជាប្រទេសក្នុងតំបន់ពីរដែលដឹកនាំដោយរបបយោធាដូចគ្នា បានព្រមានថា អន្តរាគមន៍យោធាណាមួយក្នុងប្រទេស នីហ្សេ “នឹងស្មើនឹងការប្រកាសសង្គ្រាម” ប្រឆាំងនឹងពួកគេ៕ ប្រែសម្រួលៈ ណៃ តុលា
