ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា ក្រុមកម្មករនៅក្នុងទីក្រុងជាង១១.០០០នាក់នៅក្នុងទីក្រុងឡូសអ៊ែនជីឡេស ដែលជាទីក្រុងធំទី២នៅសហរដ្ឋអាមេរិក កំពុងដើរចេញពីការងាររបស់ពួកគេនៅថ្ងៃអង្គារ ដោយធ្វើកូដកម្មរយៈពេល២៤ម៉ោង ។
ក្រុមសេវាកម្មសហជីពអន្តរជាតិ ហៅកាត់ថា (SEIU) Local 721 ដែលជាសហជីពផ្នែកសាធារណៈដ៏ធំបំផុតនៅរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង បានឲ្យដឹងនៅក្នុងការបង្ហោះលើបណ្តាញសង្គម Facebook ថា ខ្លួនបានរៀបចំការដើរចេញមួយថ្ងៃ ជុំវិញ “ការអនុវត្តការងារមិនយុត្តិធម៌” ។
សហជីពដដែលនេះបានកត់សម្គាល់ថា “យើងបានបដិសេធមិនទទួលយកកិច្ចខិតខំប្រឹងប្រែងចរចាដោយមិនផ្តល់សេចក្តីទុកចិត្តរបស់ទីក្រុង ឡូសអ៊ែនជីឡេស និងការរំលោភបំពានច្បាប់ការងារដដែលៗ ។ យើងធ្វើកូដកម្មនៅថ្ងៃនេះដើម្បីទាមទារការគោរព និងតស៊ូដើម្បីសេចក្តីថ្លៃថ្នូររបស់យើង” ។
សហជីព SEIU Local 721 ដែលតំណាងឱ្យកម្មករជាង៩៥.០០០នាក់នៅរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា សមាជិករបស់ខ្លួនរួមមានមនុស្សដែលធ្វើការនៅក្នុងមន្ទីរពេទ្យ ការថែទាំសុខភាពផ្លូវចិត្ត តុលាការ ការអនុវត្តច្បាប់ បណ្ណាល័យ សេវាតាមដងផ្លូវ ការថែទាំឆ្នេរ អនាម័យ ការព្យាបាលទឹក សេវាឧទ្យាន និងការគ្រប់គ្រងតំបន់ដែនទឹកផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា