ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខា លើក្រឹត្យមួយកាលពីថ្ងៃអង្គារ ដើម្បីផ្អាកបទប្បញ្ញត្តិមួយចំនួន នៅក្នុងកិច្ចព្រមព្រៀងពន្ធទ្វេរ ជាមួយប្រទេសមិន រួសរាយរាក់ទាក់ចំនួន ៣៨ប្រទេស ។
កិច្ចព្រមព្រៀងពន្ធទ្វេរ គឺជាកិច្ចព្រមព្រៀង ទ្វេភាគីរវាងប្រទេសទាំងពីរ ដែលស្វែងរកការ លុបបំបាត់ ការយកពន្ធទ្វេដង នៃប្រាក់ចំណូលនេះ បើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។
យោងតាមក្រឹត្យដែលបានចេញផ្សាយនៅលើវិបផតថលព័ត៌មានផ្លូវច្បាប់ផ្លូវការរបស់រុស្ស៊ី ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង “ផ្អែកលើតម្រូវការ ដើម្បីអនុម័តវិធានការបន្ទាន់” ទាក់ទងនឹងសកម្មភាពមិនរាក់ទាក់របស់បរទេសទាក់ទងនឹងប្រទេសរុស្ស៊ី ពលរដ្ឋ និងនីតិបុគ្គល។
វិធានការនេះនឹងត្រូវចាត់វិធានការ ប្រឆាំងនឹងសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន សិង្ហបុរី កាណាដា និងអូស្ត្រាលី ក្នុងចំណោមប្រទេសដទៃទៀត ដែលរុស្ស៊ីបានចាត់ថ្នាក់ថា “ប្រទេសមិនរាក់ទាក់”។
យោងតាមក្រឹត្យនេះ កិច្ចព្រមព្រៀងពន្ធដារនឹងត្រូវបញ្ឈប់រហូតដល់រដ្ឋ ដែលមិនរួសរាយរាក់ទាក់ “លុបបំបាត់ការរំលោភលើផលប្រយោជន៍សេដ្ឋកិច្ច និងផលប្រយោជន៍ផ្សេងទៀតរបស់រុស្ស៊ី”។
លោកប្រធានាធិបតីបានបញ្ជាឱ្យក្រសួងការបរទេសរុស្ស៊ី ជូនដំណឹងដល់ប្រទេសចំនួន ៣៨ អំពីការព្យួរកិច្ចព្រមព្រៀងនេះ ហើយបានណែនាំរដ្ឋាភិបាល ឱ្យដាក់ច្បាប់ ស្តីពីការព្យួរសន្ធិសញ្ញាទៅរដ្ឋឌូម៉ា របស់ប្រទេស ដែលជាសភាជាន់ទាប៕
ប្រែសម្រួល ឈូក បូរ៉ា