ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់៣៣នាក់ និងបាត់ខ្លួន១៨នាក់ ដោយសារព្យុះភ្លៀងនៅ ចិន

រូបភាពពី៖​ AFP

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះ ក្រុមមន្ត្រីបានឲ្យដឹងថា មនុស្សចំនួន៣៣នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ និង១៨នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបំផុតនៅក្នុងទីក្រុងប៉េកាំង។

គេបានដឹងថា រដ្ឋធានីរបស់ប្រទេសចិន បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងការជន់លិចតំបន់ជាយក្រុងរបស់ទីក្រុង និងតំបន់ដែលនៅជុំវិញ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា គ្រោះទឹកជំនន់នៅក្នុងខេត្ត ស៊ីឈួន ស្ថិតនៅភាគនិរតីនៃប្រទេសចិន ក៏បានសម្លាប់មនុស្ស៧នាក់ផងដែរនៅថ្ងៃពុធនេះ ។

នៅថ្ងៃពុធនេះ អាជ្ញាធរនៅទីក្រុងប៉េកាំងបានលើកឡើងថា មនុស្សចំនួន៣៣នាក់បានស្លាប់នៅក្នុងអាកាសធាតុអាក្រក់នាពេលថ្មីៗនេះ ជាចម្បងដោយទឹសារគ្រោះទឹកជំនន់ និងការដួលរលំអគារ ដែលចំនួននេះកើនឡើងជិត៣ដងនៃតួលេខដែលផ្តល់ដោយក្រុមមន្ត្រីកាលពីថ្ងៃអង្គារសប្តាហ៍មុន ។

លោក Xia Linmao អភិបាលរងក្រុងប៉េកាំងបានប្រាប់ដល់សន្និសីទសារព័ត៌មានមួយថា “ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះអ្នកដែលបានស្លាប់ក្នុងពេលបំពេញកាតព្វកិច្ច និងជនរងគ្រោះដ៏អកុសលផ្សេងទៀត” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top