ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ វិបតិ្តមុខរបរធនាគារ​ របស់អាមេរិក មិនមែនជាករណីមួយ ចំនួនតូចទេ វាគឺជាវិបតិ្ត ដែលមានលក្ខណៈ ជាប្រព័ន្ធតែម្ដង

ប៉ុន្មានឆ្នាំមុន លោកស្រី Janet Yellen ដែលជាប្រធានប្រព័ន្ធបម្រុង សហព័ន្ធអាមេរិក ពេលនោះធ្លាប់និយាយថា ក្នុងដំណើរជីវិតរបស់លោកស្រី ប្រហែលនឹងលែងឃើញ វិបតិ្តវិស័យធនាគារ របស់អាមេរិកទៀតហើយ។ ប៉ុន្តែ ការព្យាករណ៍របស់លោកស្រី ត្រូវបំបាក់ដោយការពិតជាក់ស្តែង ។ នៅថ្ងៃទី ៧ ខែសីហា តាមម៉ោង ក្នុងតំបន់ ក្រុមហ៊ុន Moody’s ដែលជាស្ថាប័ន វាយតម្លៃធំក្នុងចំណោមស្ថាប័ន វាយតម្លៃអន្តរជាតិធំទាំងបី បានទម្លាក់ចំណាត់ ថ្នាក់ឥណទាន របស់ធនាគារធុនតូច និងមធ្យម របស់អាមេរិកចំនួន១០ ក្រៅពីនេះ ការរំពឹងទុកពីចំណាត់ថ្នាក់ របស់ធនាគារចំនួន១១ទៀត ត្រូវគេវាយតម្លៃ ជាអវិជ្ជាមាន ។ ខណៈដំណឹងនេះត្រូវចេញផ្សាយ តម្លៃមូលបត្ររបស់ធនាគារ ក្នុងបញ្ជីឈ្មោះទាំងនេះ ក៏បានធ្លាក់ចុះព្រមៗគ្នា រហូតដល់បានប៉ះពាល់ ដល់ធនាគារធំៗផ្សេងទៀតផងដែរ ។

របាយការណ៍ របស់ ក្រុមហ៊ុន Moody’s បានលើកឡើងថា វិស័យធនាគារ របស់អាមេរិកបាននិងកំពុងប្រឈមនឹង “កម្លាំងសម្ពាធជាច្រើន” ដូចជាកម្លាំង សម្ពាធ ខាងហិរញ្ញប្បទាន ត្រួតពិនិត្យនិងគ្រប់គ្រងមិនគ្រប់គ្រាន់ជាដើម ។ ក្នុងនោះ “បញ្ហាហិរញ្ញប្បទាន” គឺជាវិបតិ្តពាក់ព័ន្ធដល់ការស្លាប់រស់ ដែលធនាគារ របស់អាមេរិកជាច្រើន បាននិងកំពុងប្រឈម ។

ក្នុងឆមាសទីមួយ ឆ្នាំនេះ ធនាគាររបស់អាមេរិកជាច្រើន បានកើតមានវិបតិ្តដោយសារ ខ្វះសមត្ថភាពសងបំណុល និងទ្រព្យសកម្ម របស់ធនាគារ តិចជាងប្រាក់បំណុល ។ ដូច្នេះ ស្ថាប័នត្រួតពិនិត្យនិងគ្រប់គ្រងរបស់អាមេរិកបានបង្ខំចិត្តបោះទុនយ៉ាងច្រើនសន្ធឹក ដើម្បីជួយធនាគារទាំងនេះ ។ នៅថ្ងៃទី៧ ខែសីហា តាមម៉ោង ក្នុងតំបន់ កាសែត Financial Times របស់អង់គ្លេស បានចេញផ្សាយដំណឹង ថា ធនាគារជាលក្ខណៈតំបន់ របស់អាមេរិកបាន“ រក្សាអាជីវកម្មដោយពឹងផ្អែកលើហិរញ្ញប្បទាន របស់រដ្ឋាភិបាលចំនួនរាប់សែន លានដុល្លារអាមេរិក” ។

ហេតុអ្វីបានជាធនាគារ របស់អាមេរិកមួយចំនួនរក្សាអាជីវកម្មដោយពឹងផ្អែកលើជំនួយយ៉ាងច្រើនបែបហ្នឹង ? នេះបានបង្ហាញឱ្យឃើញ ពីភាពទន់ខ្សោយរបស់ វិស័យធនាគារអាមេរិក ។ តាំងពីចូលក្នុងឆ្នាំ២០២២មក ដើម្បីទប់ទល់នឹង អតិផរណា ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក បានដំឡើងអត្រាការប្រាក់ ជាបន្តបន្ទាប់ បណ្តាលឱ្យទ្រព្យសម្បតិ្ត របស់ធនាគារដូចជាបំណុលអាមេរិក បានបន្ទាបតម្លៃ ដំណើរការរបស់ធនាគារ ក៏ប្រឈមនឹងកម្លាំងសម្ពាធយ៉ាងខ្លាំង ។ ទិន្នន័យបានបង្ហាញឱ្យឃើញថា គិតរហូតដល់ចុងឆ្នាំ២០២២ បរិមាណសរុបនៃការខាតបង់ ក្នុងបញ្ជីមូលបត្របំណុលរបស់ធនាគារ អាមេរិក មានចំនួនប្រហែល៦២០ ពាន់លានដុល្លារអាមេរិក ។

ភាពទន់ខ្សោយ របស់វិស័យធនាគារអាមេរិកបែបនេះ ជាផលវិបាកដែលបណ្តាលមកពីគោល នយោបាយសេដ្ឋកិច្ចអាមេរិក ផ្លាស់ប្តូរដោយទាន់ហន់ និង “ការប្រថុយប្រថាន” ។ ក្នុងរយៈពេលជាយូរមកហើយ ដើម្បីអូសទាញអ្នកបោះឆ្នោត អ្នកនយោបាយ អាមេរិក តែងតែពង្រីក ការចំណាយ និងអនុវត្ត គោលនយោបាយ ហិរញ្ញវត្ថុនិងរូបិយវត្ថុ ជាលក្ខណៈពង្រីក ។ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ គោល នយោបាយសេដ្ឋកិច្ច របស់អឺរ៉ុប បានលើកឡើងថា វិបត្តិវិស័យធនាគារ របស់អាមេរិកមិនមែនជាករណីមួយចំនួនតូចទេ វាគឺជាវិបតិ្ត ដែលមានលក្ខណៈជាប្រព័ន្ធ។

ព្រមពេលជាមួយគ្នានេះ បញ្ហាខាងត្រួតពិនិត្យនិងគ្រប់គ្រង បណ្តាលឱ្យហានិភ័យរបស់វិស័យធនាគារអាមេរិកមានសភាពកាន់តែធ្ងន់ធ្ងរ ។ ដោយរងឥទ្ធិពលពីផលប្រយោជន៍ របស់បក្ខពួកនិងការនិយាយបញ្ចុះបញ្ចូល ពីធនាគារធុនតូចនិងមធ្យម បានជានៅឆ្នាំ ២០១៨ អាមេរិកបានដាក់ ចេញសេចកី្តព្រាង ច្បាប់មួយ ដើម្បីដំឡើង ចំនួនទ្រព្យសម្បតិ្ត សរុបរបស់ធនាគារ ជាលក្ខណៈតំបន់ ដែលត្រូវទទួលបាន“ត្រួតពិនិត្យឱ្យម៉ត់ចត់” ពោលគឺបានដំឡើងពី ៥ម៉ឺនលានដុល្លារអាមេរិក ដល់២៥ម៉ឺនលានដុល្លារអាមេរិក ។ ប្រការនេះធ្វើឱ្យធនាគាររបស់អាមេរិកចំនួន២៥ លែងទទួលការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ។

ប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន Fitch បានទម្លាក់ ការវាយតម្លៃ ឥណទាន ចំពោះគ្រឹះស្ថានដាក់ចេញរូបិយប័ណ្ណបរទេស ក្នុងរយៈពេលយូរ នៃប្រទេសអាមេរិក ពីAAAមកនៅត្រឹមAA+ នេះបានបង្ហាញពីការមិនពេញចិត្ត ចំពោះភាពជាប់គាំង នៃពិដានបំណុលនិងសមត្ថភាព គ្រប់គ្រងហិរញ្ញវត្ថុរបស់អាមេរិក ។

ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ស្ថាប័នវាយតម្លៃឥណទានអន្តរជាតិទាំងពីរបានទម្លាក់ការវាយតម្លៃឥណទានរបស់អាមេរិកជាបន្តបន្ទាប់ នេះមិនមែនជារឿង ចៃដន្យទេ ។ សំខាន់ជាងទៀត គឺស្ថាប័នវាយ តម្លៃអន្តរជាតិ “បើកភ្លើងក្រហម”ព្រមៗគ្នា ជាការព្រមានចំពោះភាព អសមត្ថភាពគ្រប់គ្រង លើវិស័យសេដ្ឋកិច្ចអាមេរិក ។

ចាប់ពី Fitch ដល់ក្រុមហ៊ុន Moody’s ការទម្លាក់ចំណាត់ថ្នាក់ពីរលើក បានបង្ហាញពីសញ្ញាយ៉ាងច្បាស់និងគ្រប់គ្រាន់ ។ ប៉ុន្តែបញ្ហាពិតប្រាកដគឺថា តើអ្នកកាន់អំណាច របស់អាមេរិកអាចក្រេបជញ្ជក់ យកមេរៀនដ៏ពិតប្រាកដនេះឬអត់ ?
អត្ថបទ៖ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top