បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុង វ៉ាស៊ីនតោនមិនជឿថា ទីក្រុងមូស្គូ ឬក្រុមទាហានស៊ីឈ្នួល Wagner របស់លោក Evgeny Prigozhin មានទំនាក់ទំនងជាមួយរដ្ឋប្រហារយោធានៅប្រទេសនីហ្សេនោះទេ ប៉ុន្តែទោះជាយ៉ាងណាក្តី មានការបារម្ភថា ប្រទេសអាហ្រ្វិកមួយនេះ អាចស្ថិតនៅក្រោមឥទ្ធិពលរបស់រុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយ BBC កាលពីថ្ងៃអង្គារ លោក Antony Blinken បានអះអាងថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភជាពិសេសអំពីក្រុមទាហាន Wagner ដែល “អាចនឹងបង្ហាញខ្លួន” នៅក្នុងផ្នែកខ្លះនៃតំបន់ Sahel នៅអាហ្វ្រិក។
លោក Blinken បាននិយាយទៀតថា “ខ្ញុំគិតថាអ្វីដែលបានកើតឡើង ហើយអ្វីដែលបន្តកើតឡើងនៅក្នុងប្រទេសនីហ្សេ មិនត្រូវបានជំរុញដោយរុស្ស៊ី ឬដោយ Wagner នោះទេ ប៉ុន្តែ… ពួកគេព្យាយាមទាញយកប្រយោជន៍ពីវា”។
សេចក្តីថ្លែងការណ៍របស់លោក Blinken ធ្វើឡើងបន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថា រដ្ឋាភិបាលយោធាថ្មីរបស់នីហ្សេបាននឹងកំពុងពិចារណា អញ្ជើញក្រុមទាហានស៊ីឈ្នួល Wagner ចូលទៅក្នុងប្រទេសនេះ ដើម្បីជួយការពារអំណាចរបស់ពួកគេ និងរារាំងអន្តរាគមន៍ពីបរទេស៕ ប្រែសម្រួលៈ ណៃ តុលា