ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិនបដិសេធយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការដាក់កំហិតលើការវិនិយោគនៅក្នុងប្រទេសចិន ដោយសហរដ្ឋអាមេរិក ហើយបានធ្វើការបង្រ្កាបយ៉ាងធ្ងន់ធ្ងរ ចំពោះភាគីសហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍ នៅព្រឹកព្រលឹមថ្ងៃទី១០ ខែសីហា ម៉ោងនៅទីក្រុងប៉េកាំង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ស្តីពីការបង្កើតយន្តការត្រួតពិនិត្យលើការវិនិយោគក្រៅប្រទេស និងការដាក់កម្រិតលើការវិនិយោគរបស់អង្គភាពអាមេរិកក្នុងវិស័យ semiconductor និងមីក្រូអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មាន quantum និងបញ្ញាសិប្បនិម្មិត ក៏ដូចជាវិស័យស៊ើបការណ៍សម្ងាត់នៅក្នុងប្រទេសចិន។
នៅពេលសួរយោបល់ អ្នកនាំពាក្យបានឲ្យដឹងថា ការរឹតត្បិតការវិនិយោគរបស់ក្រុមហ៊ុនអាមេរិក នៅក្នុងប្រទេសចិន ដោយមានការព្រួយបារម្ភពីសន្តិសុខជាតិជាមុខ គឺជាទង្វើច្បាស់លាស់នៃការពង្រីកគំនិតសន្តិសុខ និងការធ្វើនយោបាយលើការចូលរួមធុរកិច្ច។
អ្នកនាំពាក្យរូបនេះបានចង្អុលបង្ហាញថា គោលបំណងពិតប្រាកដនៃការផ្លាស់ប្តូរនេះ គឺដើម្បីដកហូតសិទ្ធិរបស់ខ្លួនក្នុងការអភិវឌ្ឍន៍ និងស្វែងរកភាពអាត្មានិយមរបស់សហរដ្ឋអាមេរិក ដោយចំណាយប្រាក់ពីអ្នកដទៃ។
អ្នកនាំពាក្យរូបនេះបានបន្ដថា “នេះគឺជាការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច និងការគំរាមកំហែងផ្នែកបច្ចេកវិទ្យាដោយឥតលាក់លៀម ជាទង្វើដែលបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌ ធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ធ្វើឱ្យមានអស្ថិរភាពដល់សង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល ហើយប៉ះពាល់ដល់ផលប្រយោជន៍ទាំងប្រទេសចិន និងសហរដ្ឋអាមេរិក៕ ប្រែសម្រួល ឈូក បូរ៉ា