ព័ត៌មានអន្តរជាតិ

គណបក្ស​កាន់អំណាច​កូរ៉េខាងជើង កោះប្រជុំ​ដើម្បីពង្រឹង សម្រាប់ការត្រៀម​ធ្វើសង្គ្រាម

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា គណបក្សកាន់អំណាច នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានកោះប្រជុំនូវកិច្ចប្រជុំគណៈកម្មាធិការកណ្តាលយោធាដ៏ធំមួយ ដោយពិភាក្សាអំពីវិធីបង្កើនការត្រៀមរៀបចំសង្រ្គាម ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនយោបាយ និងយោធាដ៏ធ្ងន់ធ្ងរនៅលើឧបទ្វីបកូរ៉េ។

សម័យប្រជុំធំ នៃគណៈកម្មាការយោធាមជ្ឈិមនៃបក្សពលករកូរ៉េ (WPK) បានវិភាគការអភិវឌ្ឍន៍ផ្នែកយោធា ដែលធ្វើឱ្យស្ថានការណ៍នៅលើឧបទ្វីបកាន់តែយ៉ាប់យ៉ឺន ហើយសម្រេចចិត្តលើ “ផែនការសម្រាប់វិធានការវាយលុកយោធា” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ។

ប្រភពពី KCNA បានឲ្យដឹងថា បញ្ហានៃការធ្វើសមយុទ្ធសង្រ្គាមជាក់ស្តែង និងការត្រៀមលក្ខណៈពេញលេញ សម្រាប់ការអនុវត្តផែនការប្រតិបត្តិការក៏ត្រូវបានពិភាក្សាផងដែរ។

លោក គីម ជុងអ៊ុន អគ្គលេខាធិការ WPK និងជឋប្រធានគណៈកម្មការយោធាមជ្ឈិម WPK ហើយក៏ជាប្រធានកិច្ចការរដ្ឋរបស់កូរ៉េខាងជើង បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើនមធ្យោបាយ ដើម្បីវាយប្រហារសត្រូវ។

របាយការណ៍របស់ KCNA បានឲ្យដឹងថា វាចាំបាច់ក្នុងការធ្វើសមយុទ្ធសង្រ្គាមជាក់ស្តែង ដើម្បីពង្រឹងជំនាញរបស់យោធា ដើម្បីប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព នូវសព្វាវុធចុងក្រោយបង្អស់ ដែលត្រូវបានប្រគល់ឱ្យយោធា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top