វ៉ាស៊ីនតោន ៖ មន្ត្រីសេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិករំពឹងថា កិច្ចប្រជុំកំពូលត្រីភាគី ជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង នឹងត្រូវបាន ធ្វើជាម្ចាស់ផ្ទះដោយប្រធានាធិបតីលោក ចូ បៃដិន នៅចុងខែនេះនៅឯជំរុំ Camp David របស់លោកនឹងក្លាយជា “ប្រវត្តិសាស្ត្រ” ។
លោក បៃដិន កំពុងទន្ទឹងរង់ចាំជាខ្លាំងក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៅថ្ងៃទី១៨ ខែសីហា អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បានឲ្យដឹងថា ដោយកត់សម្គាល់ថា ការពង្រឹងទំនាក់ទំនងត្រីភាគី ជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញា របស់សហរដ្ឋអាមេរិក ទាំងពីរមានសារៈសំខាន់មិនត្រឹមតែ សម្រាប់ទីក្រុងវ៉ាស៊ីនតោន ប៉ុណ្ណោះទេ ប៉ុន្ដក៏សម្រាប់ពិភពលោកទាំងមូលផងដែរ។
លោក Kirby បានឲ្យដឹងក្នុងអំឡុងសន្និសីទសារព័ត៌មានតាមអ៊ិនធឺណិត នៅពេលសួរអំពីហេតុផលដែលនៅពីក្រោយរដ្ឋបាលលោក បៃដិន ជ្រើសរើសទីតាំងនៅជិត ទីក្រុងវ៉ាស៊ីនតោនគឹជំរុំ “Camp David បានក្លាយជាកន្លែងប្រវត្តិសាស្ត្រសម្រាប់កិច្ចប្រជុំកំពូល និងសម្រាប់ការសន្ទនាគោល នយោបាយការបរទេសសំខាន់ៗ ទូទាំងប្រវត្តិសាស្ត្រនៃវត្តមានរបស់វា” ។
លោកបានលើកឡើងថា លោក បៃដិន នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គិស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol សម្រាប់អ្វីដែលរដ្ឋបាល លោកជឿជាក់ថានឹងក្លាយជា “ការពិភាក្សាអំពីសមាមាត្រប្រវត្តិសាស្ត្រទាក់ទងនឹងសារៈសំខាន់នៃទំនាក់ទំនងត្រីភាគីនេះ ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងពិភពលោក”។
កិច្ចប្រជុំកំពូល នាពេលខាងមុខនឹងធ្វើឡើង នៅពេលដែលប្រទេសជប៉ុន និងកូរ៉េខាងត្បូងស្វែងរកការ ពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ ដោយលោក គីស៊ិដា និងលោក Yoon បានព្រមព្រៀងគ្នា កាលពីដើមឆ្នាំនេះ ខណៈដែលកូរ៉េខាងជើងមិនបង្ហាញ សញ្ញានៃការថយចុះក្នុងការតាមរកសមត្ថភាពកាំជ្រួចនិងនុយក្លេអ៊ែរកម្រិតខ្ពស់របស់ខ្លួន ៕
ប្រែសម្រួល ឈូក បូរ៉ា