សហរដ្ឋអាមេរិក៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ថា អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លើងឆេះព្រៃដ៏គួរឱ្យរន្ធត់បំផុត ដែលបានឆាបឆេះទីក្រុងប្រវត្តិសាស្ត្រមួយនៅលើកោះហាវ៉ៃ ហើយនៅក្នុងប្រាសាទភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៥៣នាក់ ដែលធ្វើឱ្យវាក្លាយជាគ្រោះមហន្តរាយ ដ៏សាហាវបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររដ្ឋរបស់សហរដ្ឋអាមេរិក ។
គេបានដឹងថា ភ្លើងឆេះព្រៃនៅឆ្នេរសមុទ្រភាគខាងលិច នៃកោះ Maui នៃរដ្ឋហាវ៉ៃ ដែលបង្កដោយខ្យល់បក់ខ្លាំងពីមកពីព្យុះសង្ឃរាកើតឡើងនៅក្បែរនោះ បានឆាបឆេះឡើងកាលពីថ្ងៃអង្គារ ហើយបានលេបត្របាក់ទីក្រុងនៅជាប់មាត់សមុទ្រ Lahaina ភ្លាមៗតែម្តង ។
អណ្ដាតភ្លើងបានរលត់យ៉ាងលឿនទៅវិញដែរ ប៉ុន្តែមានមនុស្សជាច្រើនត្រូវជាប់គាំងនៅតាមដងផ្លូវ ឬលោតចូលទៅក្នុងសមុទ្រ ក្នុងបំណងចង់រត់គេចខ្លួនពីភ្លើងឆេះនេះ ។
លោក Josh Green អភិបាលគ្រប់គ្រងកោះនេះ បានថ្លែងថា “អ្វីដែលយើងបានឃើញនាពេលសព្វថ្ងៃនេះ គឺជាមហន្តរាយ… ទំនងជាគ្រោះមហន្តរាយធម្មជាតិដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររនៅដ្ឋហាវ៉ៃ” ។
លោកអភិបាលបានថ្លែងយ៉ាងដូច្នេះថា “នៅក្នុងឆ្នាំ១៩៦០ យើងមានអ្នកស្លាប់ចំនួន៦១នាក់ នៅគ្រាដែលរលកដ៏ធំបានមកឆ្លងកាត់កោះ Big” ដោយនេះគឺសំដៅទៅលើសោកនាដកម្មដែលបានវាយប្រហារ មួយឆ្នាំបន្ទាប់ពីកោះហាវ៉ៃ បានក្លាយជារដ្ឋទី៥០របស់សហរដ្ឋអាមេរិក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា