ព័ត៌មានអន្តរជាតិ

ប្រជាជនកូរ៉េ រាប់ពាន់នាក់ ប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងផែនការ បញ្ចេញទឹកសំណល់ វិទ្យុសកម្មរបស់ជប៉ុន

រូបភាពពី៖​ XINHUA

សេអ៊ូល៖ ប្រជាជនកូរ៉េខាងត្បូង សកម្មជន និងអ្នកនេសាទធម្មតារាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅកណ្តាលទីក្រុងសេអ៊ូល ពីទូទាំងប្រទេស ដើម្បីបង្ហាញពីការប្រឆាំងយ៉ាងម៉ឺងម៉ាត់ របស់ពួកគេចំពោះគម្រោងបញ្ចេញទឹកសំណល់វិទ្យុសកម្ម ដែលគ្រោងទុករបស់ជប៉ុនទៅក្នុងមហាសមុទ្រ។

អ្នក​ចូល​រួម​ក្នុង​ការ​ប្រមូល​ផ្តុំ​តវ៉ា​ បាន​ស្រែក​ពាក្យ​ស្លោក​ជា​ឯកច្ឆ័ន្ទ និង​កាន់​បដា​ដែល​សរសេរ​ថា “ប្រឆាំង​ដាច់​ខាត​ការ​បញ្ចេញចោល​ទឹក​សំណល់​វិទ្យុសកម្ម​ទៅ​ក្នុង​សមុទ្រ និងរក្សា​វា​នៅ​លើ​គោក មិន​មែន​ចាក់​ចោល​ក្នុង​សមុទ្រ​នោះទេ”។

លោកស្រី Kim Young-ran អ្នកចូលរួមក្នុងការជួបជុំក្នុងវ័យ ៥០ឆ្នាំបានប្រាប់កាសែតស៊ិនហួថា “គ្មាននរណាម្នាក់ដឹងថា ទឹកសំណល់វិទ្យុសកម្ម នឹងទៅឆ្ងាយប៉ុណ្ណានោះទេ បន្ទាប់ពីវាត្រូវបានបង្ហូរចូលទៅក្នុងមហាសមុទ្រ។ .

លោកស្រី Kim ដែលកំពុងធ្វើការផ្នែកសុខុមាលភាពសង្គម សម្រាប់អ្នកនេសាទនៅទីក្រុងកំពង់ផែ Mokpo ភាគនិរតីបានកត់សម្គាល់ថា អ្នកនេសាទមួយចំនួនបានបញ្ឈប់ការនេសាទរួចហើយនៅក្នុងទីក្រុង ដោយសារតែការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការបញ្ចេញទឹកសំណល់ ដែលមានជាតិនុយក្លេអ៊ែរ គឺជិតមកដល់។

ទោះបីជាមានការរិះគន់យ៉ាងទូលំទូលាយពីក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ ក៏រដ្ឋាភិបាលជប៉ុន បាននិងកំពុងជំរុញឱ្យបោះចោលទឹកសំណល់ ដែលមានមេរោគនុយក្លេអ៊ែរនៅរដូវក្តៅនេះ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលរងការវាយប្រហារដោយការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិនៅក្នុងខែមីនា ឆ្នាំ២០១១៕​ ប្រែសម្រួល ឈូក បូរ៉ា

To Top