ម៉ូស្គូ ៖ នាវាមុជទឹកពហុបំណងដើរ ដោយថាមពលនុយក្លេអែរ Yasen-class របស់រុស្ស៊ី នឹងត្រូវបានបំពាក់ឡើងវិញ ជាមួយនឹងមីស៊ីល Zircon hypersonic ដែលជាប្រភេទមីស៊ីលលឿនជាសំឡេង ដោយលោក Alexei Rakhmanov នាយកប្រតិបត្តិនៃក្រុមហ៊ុន United Shipbuilding Corporation (USC) បានប្រាប់កាសែត Sputnik ថា ការងារនេះកំពុងដំណើរការរួចហើយ ។
នាវាមុជទឹកនុយក្លេអ៊ែរ នៃថ្នាក់ Yasen បច្ចុប្បន្នត្រូវបានបំពាក់ដោយកាំជ្រួច នាំផ្លូវទំនើបៗ ៤ប្រភេទរួចមកហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Sputnik ។
លោក Rakhmanov បានប្រាប់កាសែត Sputnik ថា “តាមការសម្រេចចិត្តរបស់ក្រសួងការពារជាតិរុស្ស៊ី នាវាមុជទឹកនុយក្លេអ៊ែរពហុបំណងនៃគម្រោង Yasen-M នឹងត្រូវបានបំពាក់ ដោយប្រព័ន្ធមីស៊ីល Zircon ដែលជាមីស៊ីលលឿនជាសំឡេង។
លោក Rakhmanov បានលើកឡើងថា កងទ័ពជើងទឹករុស្ស៊ី ក៏នឹងទទួលបានយ៉ាងហោចណាស់ នាវាចំនួន ៥ បន្ថែមទៀតនៅចុងឆ្នាំនេះ។ លោកបានបន្ថែមថា “នៅឆ្នាំនេះ យើងបានបញ្ជូន នាវាថ្មីចំនួន ៣គ្រឿងរួចហើយ និងបានជួសជុលឡើងវិញ ហើយនៅចុងឆ្នាំនេះ យើងរំពឹងថា នឹងផ្ទេរយ៉ាងហោចណាស់ ៥នាវាបន្ថែមទៀត” ។
កាលពីដើមឆ្នាំនេះ នាយកប្រតិបត្តិ USC បានប្រាប់កាសែត Sputnik ថាសាជីវកម្មសាងសង់កប៉ាល់ គ្រោងនឹងផ្ទេរយ៉ាងហោចណាស់នាវាចំនួន ១១ គ្រឿងទៅឱ្យកងទ័ពជើងទឹក រុស្ស៊ីក្នុងឆ្នាំ២០២៣ រួមទាំងនាវាមុជទឹកចំនួន ៥គ្រឿង (នុយក្លេអ៊ែរ ៣គ្រឿង និងប្រេងម៉ាស៊ូត ២គ្រឿង) ក៏ដូចជាកប៉ាល់ ដែលត្រូវបានកំណត់ សម្រាប់តំបន់សមុទ្រជិត និងឆ្ងាយ៕
ប្រែសម្រួល ឈូក បូរ៉ា