ព័ត៌មានអន្តរជាតិ

ប៉ូឡូញ សម្រេចបន្តដាក់បម្រាម ចំពោះគ្រាប់ធញ្ញជាតិ របស់ប្រទេសអ៊ុយក្រែន

រូបភាពពី៖​ AFP

បរទេស៖ ប្រទេសប៉ូឡូញ កាលពីម្សិលមិញនេះ បានប្រកាសច្បាស់ហើយថា នឹងបន្តដាក់បម្រាមចំពោះការនាំចូល នូវគ្រាប់ធញ្ញជាតិទាំងឡាយរបស់ប្រទេសអ៊ុយក្រែន បន្ថែមទៀតដើម្បីអាចរក្សាតម្លៃនិងការប្រកួតប្រជែង សម្រាប់ផលិតផលក្នុងស្រុករបស់ខ្លួន។

យោងតាមការចេញផ្សាយរបស់ RT សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ដោយលោកបានបន្ថែមថា ទោះបីជាប៉ូឡូញ គឺជាអ្នកគាំទ្រអ៊ុយក្រែន ខ្លាំងនៅក្នុងជម្លោះជាមួយនឹងរុស្សី ក្តីប៉ុន្តែប៉ូឡូញមិនអាចដកបម្រាមនេះចេញមកវិញភ្លាមនោះទេ។

នៅក្នុងបទសំភាសមួយជាមួយនឹងកាសែត Sieciលោក Duda បានបញ្ជាក់ទៀតថា រដ្ឋាភិបាលទីក្រុង Warsaw នឹងនៅតែបន្តការដាក់បម្រាមនេះ ទៅលើធញ្ញជាតិរបស់អ៊ុយក្រែន ដែលអាចចាក់ចូលទៅក្នុងទីផ្សាររបស់អឺរ៉ុប ជាមួយនឹងតម្លៃធូរថ្លៃទាំងនោះ។

គួរឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តី សម្រាប់បម្រាមរបស់សហភាពអឺរ៉ុប វិញទៅលើផលិផលកសិកម្មដូចជាស្រូវសាលី ពោត គ្រាប់រ៉េប និងគ្រាប់ផ្កាឈូករ័ត្នរបស់អ៊ុយក្រែន ទៅកាន់ប្រទេសប៉ូឡូញ ហុងគ្រី រូម៉ានី ស្លូវ៉ាគី និងប៊ុលហ្គារី គ្រោងនឹងបញ្ចប់នៅថ្ងៃទី ១៥ខែកញ្ញាខាងមុខនេះហើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top