បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថារដ្ឋាភិបាលអង់គ្លេស បានប្រកាសណែនាំឲ្យពលរដ្ឋដែលធ្វើដំណើរទៅកាន់ប្រទេសស៊ុយអែត ឲ្យរក្សាការប្រុងប្រយ័ត្ននៅពេលនេះដោយសារតែការគំរាមកំហែង នៃអំពើហិង្សាជ្រុលនិយមអាច នឹងកើតមានឡើងគ្រប់ពេល។
ការិយាល័យកិច្ចការងារធ្វើដំណើរ នៃក្រសួងការបរទេសអង់គ្លេស បានចេញសេចក្តីប្រកាសដោយបញ្ជាក់បែបនេះថា ភេរវករទំនងជាព្យាយាម និងធ្វើការវាយប្រហារនៅក្នុងប្រទេសស៊ុយអែត ដែលការវាយប្រហារអាចជាការមិនរើសអើង រួមទាំងកន្លែងដែលជនបរទេសចូលញឹកញាប់ផងដែរ។
សេចក្តីថ្លែងការណ៍ដដែលនោះក៏បានបន្ថែមថា អាជ្ញាធរស៊ុយអែតបានបង្អាក់និងរារាំងការវាយប្រហារដែលបានគ្រោងទុកជាច្រើនរួចហើយ និងបានធ្វើឲ្យមានការចាប់ខ្លួនមួយចំនួនផងដែរ។យោងតាមគេហទំព័រប៉ូលីសស៊ុយអែត ហានិភ័យនៃអំពើភេរវកម្មបច្ចុប្បន្នក្នុងប្រទេសកំពុងស្ថិតនៅកម្រិត៣ដែលមានន័យថាមាន ការគំរាមកំហែងកើនឡើង ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដើម្បីណែនាំអំពីការធ្វើដំណើររបស់ចក្រភពអង់គ្លេស ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសស៊ុយអែត Henrik Landerholm បានទទួលស្គាល់ថាស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺនដោយសារបញ្ហានៃគម្ពីរសាសនាមួយដែលមានឈ្មោះថា Quran ។
គួរឲ្យដឹងដែរថាកាលពីចុងខែកក្កដា ជនភៀសខ្លួនអ៊ីរ៉ាក់ ដែលជាគ្រិស្តសាសនិកពីរនាក់ បានជាន់ឈ្លីច្បាប់ចម្លងគម្ពីរគម្ពីQuran ហើយបានដុតទំព័រខ្លះនៅមុខសភាស៊ុយអែត។បុរសទាំង២បានប្រព្រឹត្តអំពើចម្រូងចម្រាសស្រដៀងគ្នានេះក្នុងឱកាសពីរលើកមុនមកដែរ។
ឧបទ្ទវហេតុនេះបានបង្កឱ្យមាន ការតវ៉ាពីប្រទេសភាគច្រើនមូស្លីម ដោយប្រទេសអ៊ីរ៉ាក់បានបណ្តេញឯកអគ្គរដ្ឋទូតស៊ុយអែត និងបានហៅបេសកជនរបស់ខ្លួនពីទីក្រុង Stockholm មកវិញផងដែរ៕ ប្រែសម្រួល៖ស៊ុនលី