វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការណ៍ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ក្នុងរដ្ឋ Georgia កាលពីថ្ងៃចន្ទ ជុំវិញការចោទប្រកាន់ថា លោកបានខិតខំប្រឹងប្រែង ដើម្បីលុបចោលលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០ នៅក្នុងរដ្ឋនេះ ដែលវាជាករណីឧក្រិដ្ឋកម្មទី៤ ដែលត្រូវលើកឡើងប្រឆាំង នឹងអតីតប្រធានាធិបតីរូបនេះ ។
លោក ត្រាំ និងបុគ្គល ១៨រូបផ្សេងទៀតត្រូវបានចោទប្រកាន់ ពីបទព្រហ្មទណ្ឌនៅក្នុងរដ្ឋភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិកមួយនេះ ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបចោលលទ្ធផលបោះឆ្នោត ប្រធានាធិបតីឆ្នាំ២០២០ នេះបើយោងតាមសេចក្ដីរាយការណ៍ របស់ The Washington Post ដែលជាកាសែតឈានមុខគេមួយនៅក្នុងប្រទេស ដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីយប់ថ្ងៃចន្ទ ។
លោក ត្រាំ ត្រូវបានចោទប្រកាន់ចំនួន ១៣ ករណី រួមទាំងការបំពានច្បាប់រដ្ឋ ការញុះញង់មន្ត្រីសាធារណៈឱ្យបំពានពាក្យសម្បថរបស់ពួកគេ ឃុបឃិតក្លែងបន្លំជាមន្ត្រីសាធារណៈ ឃុបឃិតក្នុងការក្លែងបន្លំកម្រិតទី១ និងសមគំនិតក្នុងការដាក់ឯកសារមិនពិត។
ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតរយៈពេល ២ ឆ្នាំកន្លះដោយមេធាវីស្រុក Fulton County លោក Fani Willis ។ ការស៊ើបអង្កេតនេះ ត្រូវបានចាប់ផ្តើមបន្ទាប់ពីការលេចធ្លាយសំឡេងពីការហៅទូរស័ព្ទកាលពីខែមករា ឆ្នាំ២០២១ ក្នុងអំឡុងពេលដែលលោក ត្រាំ បានជំរុញឱ្យរដ្ឋ Georgia លោក Brad Raffensperger សាកសួរអំពីសុពលភាពនៃសន្លឹកឆ្នោតរាប់ពាន់សន្លឹក។
យោងតាមរបាយការណ៍បានឱ្យដឹងថា លោក ត្រាំ បានលើកឡើងថា លោកចង់ “ស្វែងរក” សន្លឹកឆ្នោត ដើម្បីលុបបំបាត់ចាញ់ឆ្នោតក្នុងឆ្នាំ២០២០ របស់លោកនៅក្នុងរដ្ឋនេះ។
សរុបមានបទចោទចំនួន ៤១ លើជនជាប់ចោទ ១៩ រូប ក្នុងដីកា ៩៨ ទំព័រ។ ក្នុងចំណោមអ្នក ដែលត្រូវបានចោទប្រកាន់នោះក៏មានលោក Rudy Giuliani អតីតអភិបាលក្រុងញូវយ៉ក ដែលបានបម្រើការជាមេធាវីផ្ទាល់ខ្លួនរបស់លោក ត្រាំ បន្ទាប់ពីការបោះឆ្នោត អតីតប្រធានបុគ្គលិកសេតវិមានរបស់លោក ត្រាំ រួមទាំងមេធាវីជាច្រើននាក់ទៀត៕
ប្រែសម្រួល ឈូក បូរ៉ា