តូក្យូ៖ ប្រទេសជប៉ុន បានប្រារព្ធខួបលើកទី៧៨ នៃការចុះចាញ់របស់ខ្លួនក្នុងសង្គ្រាមលោកលើកទី២ រយៈពេល ៣ខែបន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានដាក់ចក្ខុវិស័យរបស់លោកអំពី “ពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ” នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង៧ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។
លោក គីស៊ីដា បានលើកឡើងអំពីការប្រឆាំងរបស់ប្រទេសជប៉ុន ចំពោះសង្គ្រាមនៅក្នុងសុន្ទរកថា របស់លោកនៅឯពិធីប្រចាំឆ្នាំនៅទីក្រុងតូក្យូ ចំពេលមានការភ័យខ្លាចថា រុស្ស៊ី អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។
លោកបានលើកឡើងថា “ក្រោមបដានៃការរួមចំណែកយ៉ាងសកម្ម ចំពោះសន្តិភាព ជប៉ុន ប្តេជ្ញារួមកម្លាំងជាមួយសហគមន៍អន្តរជាតិ និងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលពិភពលោកកំពុងប្រឈម”។
ពិធីដែលឧបត្ថម្ភដោយរដ្ឋាភិបាលត្រូវបានធ្វើឡើង ដើម្បីកាន់ទុក្ខបុគ្គលិកយោធាប្រហែល ២,៣លាននាក់ និងជនស៊ីវិល ៨០ម៉ឺន នាក់ដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមនៅភាគខាងភាគីជប៉ុនដោយនៅក្នុងនោះ ព្រះចៅអធិរាជ Naruhito ក៏បានយាងចូលរួមក្នុងពិធីនេះផងដែរ។
ពិធីនេះត្រូវបានធ្វើឡើងក្នុងទ្រង់ទ្រាយតូច សម្រាប់ឆ្នាំទី៤ ជាប់គ្នា ដើម្បីការពារការឆ្លងមេរោគកូវីដ១៩។ មនុស្សប្រហែល ១៩០០នាក់បានចូលរួមវានៅ Nippon Budokan ធៀបនឹង ១០០០នាក់ កាលពីឆ្នាំមុន។
ទិវារំលឹកខួបនេះ ស្របពេល ដែលព្យុះទីហ្វុង វាយប្រហារភាគខាងលិច និងកណ្តាលប្រទេសជប៉ុន មានន័យថា សាច់ញាតិនៃសង្រ្គាម ដែលបានស្លាប់នៅក្នុងតំបន់រងផលប៉ះពាល់ត្រូវលុបចោលការធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ដោយសារការរំខានការដឹកជញ្ជូនសាធារណៈ៕ ប្រែសម្រួល ឈូក បូរ៉ា