ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យចិន៖ ជប៉ុន គួរតែបំបែកភាពស្អាតស្អំ ជាមួយនឹងយោធានិយមរបស់ខ្លួន

រូបភាពពី៖​ XINHUA

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានធ្វើការតំណាងយ៉ាងធ្ងន់ធ្ងរ និងបានបញ្ជាក់យ៉ាងច្បាស់ពីជំហរដ៏ឧឡារិករបស់ខ្លួនប្រឆាំងនឹងទង្វើអវិជ្ជមានរបស់អ្នកនយោបាយជប៉ុន ទាក់ទងនឹងទីសក្ការៈ Yasukuni ។

អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានដាក់កម្រងផ្កានៅក្នុងពិធីបូជាដល់ទីសក្ការបូជា Yasukuni ដ៏ចម្រូងចម្រាសកាលពីថ្ងៃអង្គារ ខណៈដែលសមាជិកគណៈរដ្ឋមន្ត្រីមួយរូបរបស់លោក ដែលជារដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចលោក Sanae Takaichi បានទៅបំពេញទស្សនកិច្ចនៅ ទីសក្ការៈបូជា។

ថ្ងៃនេះជាខួបលើកទី៧៨ នៃការទទួលយកការប្រកាស Potsdam របស់ជប៉ុន និងការចុះចាញ់ដោយគ្មានលក្ខខណ្ឌរបស់ខ្លួន ដោយលោក Wang បានលើកឡើងថា ប្រជាជនចិន រួមជាមួយប្រជាជនពិភពលោក បានកម្ចាត់ពួកឈ្លានពានយោធានិយមជប៉ុន និងហ្វាស៊ីសនិយម។

លោក Wang បានបន្ដថា វាគឺជាជ័យជំនះដ៏អស្ចារ្យ នៃយុត្តិធម៌លើអំពើអាក្រក់ ពន្លឺលើភាពងងឹត និងវឌ្ឍនភាពលើប្រតិកម្ម ដែលនឹងត្រូវបានដាក់បញ្ចូលជារៀងរហូតនៅក្នុងប្រវត្តិសាស្រ្តនៃប្រជាជាតិចិន និងប្រវត្តិសាស្រ្តនៃការស្វែងរកយុត្តិធម៌របស់មនុស្ស។

ដោយកត់សម្គាល់ថាទីសក្ការបូជា Yasukuni គឺជាឧបករណ៍ខាងវិញ្ញាណ និងជានិមិត្តរូប នៃសង្គ្រាមឈ្លានពានរបស់ពួកសកម្មប្រយុទ្ធជប៉ុន និងជាកិត្តិយសដល់ឧក្រិដ្ឋជនសង្គ្រាមថ្នាក់-A នៃសង្គ្រាមលោកលើកទី២ លោក​បានចង្អុលបង្ហាញថា ចលនាអវិជ្ជមានរបស់អ្នកនយោបាយជប៉ុន ជាថ្មីម្តងទៀតឆ្លុះបញ្ចាំងពីអាកប្បកិរិយាខុសឆ្គងរបស់ជប៉ុន ចំពោះបញ្ហាប្រវត្តិសាស្ត្រ។

លោកបានលើកឡើង​ថា​ “​ប្រទេស​ចិន ​បាន​ដាក់​តំណាង​ដ៏​ឱឡារិក​ជាមួយ​ប្រទេស​ជប៉ុន ​ហើយ​បាន​បង្ហាញ​ជំហរ​ដ៏​ឧឡារិក​របស់​ខ្លួន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ​។

លោកបន្ដថា ការប្រឈមមុខនឹងការឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅលើប្រវត្តិសាស្ត្រ គឺជាលក្ខខណ្ឌចាំបាច់ សម្រាប់ប្រទេសជប៉ុន ក្នុងការស្តារ និងអភិវឌ្ឍទំនាក់ទំនងធម្មតាជាមួយប្រទេសជិតខាងអាស៊ីរបស់ខ្លួន បន្ទាប់ពីសង្គ្រាមលោកលើកទី២ ដោយបន្ថែមថា ប្រទេសចិន ជំរុញឱ្យជប៉ុន ទាញមេរៀនពីប្រវត្តិសាស្ត្រ ប្រកាន់ខ្ជាប់ នូវមាគ៌ា នៃការអភិវឌ្ឍន៍ដោយសន្តិភាព​ និងធ្វើឱ្យមានការបែកបាក់យ៉ាងស្អាតស្អំ ជាមួយនឹងយោធានិយម តាមរយៈសកម្មភាពជាក់ស្តែង ដើម្បីជៀសវាងការបាត់បង់ការជឿទុកចិត្តបន្ថែមទៀតពីប្រទេសជិតខាងអាស៊ី និងសហគមន៍អន្តរជាតិ៕​ ប្រែសម្រួល ឈូក បូរ៉ា

To Top