តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា កិច្ចព្រមព្រៀង ដោះដូរអ្នកទោស និងការដោះលែងទ្រព្យ សម្បត្ដិអ៊ីរ៉ង់នាពេលថ្មីៗនេះ រវាងទីក្រុងតេអេរ៉ង់ និងក្រុងវ៉ាស៊ីនតោន នឹងដាក់ការសន្យារបស់សហរដ្ឋអាមេរិកម្តងទៀត ទៅក្នុងការសាកល្បង។
លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការបង្ហោះនៅលើ X ដែលពីមុនត្រូវ បានគេស្គាល់ថា ជាបណ្ដាញ Twitter ខណៈដែលការរៀបរាប់លម្អិត អំពីការមិនបង្កកនាពេលថ្មីៗនេះ នៃប្រាក់រាប់ពាន់លានដុល្លារ នៅក្នុងមូលនិធិរបស់អ៊ីរ៉ង់ ដែលត្រូវបានរារាំង ដោយសហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនឆ្នាំ នៅក្នុងធនាគារមួយចំនួន នៅក្នុងសាធារណៈរដ្ឋកូរ៉េ។
លោក Amir-Abdollahian បានបន្ថែមការមិនបង្កកទ្រព្យសម្បត្តិ និងការផ្ទេរប្រាក់ទៅធនាគារអឺរ៉ុប គឺជាសមិទ្ធិផលមួយស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ក្នុងការបន្តការទូតប្រកបដោយសេចក្តីថ្លៃថ្នូរ ដូចដែលបានសង្កត់ធ្ងន់ដោយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei ។
លោកបានលើកឡើងថា “ជាការពិតណាស់ ដំណាក់កាល នៃកិច្ចព្រមព្រៀងនេះ គឺជាការសាកល្បង ឡើងវិញរបស់សហរដ្ឋអាមេរិក លើការប្តេជ្ញាចិត្តចំពោះការសន្យារបស់ខ្លួន” នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ប្រទេសនេះនឹងបន្តកិច្ចខិតខំប្រឹងប្រែងការទូតរបស់ខ្លួនដើម្បីដកទណ្ឌកម្ម និងរៀបចំមូលដ្ឋាន សម្រាប់ការវិលត្រឡប់របស់ភាគីទាំងអស់ ចំពោះការសន្យារបស់ពួកគេ ចំពោះអ៊ីរ៉ង់ក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥។
កាលពីសប្តាហ៍មុន ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ធនាគារកូរ៉េខាងត្បូង កំពុងមិនបង្កកទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលចំនួននេះត្រូវបានគេដាក់ចំនួន ៦ ពាន់លានដុល្លារ ហើយជនអ៊ីរ៉ង់ ដែលជាប់គុក “ខុសច្បាប់” មួយចំនួននៅក្នុងសហរដ្ឋអាមេរិក នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួល ឈូក បូរ៉ា