ព័ត៌មានអន្តរជាតិ

ឧស្សាហកម្មអាកាសចរណ៍ របស់វៀតណាម ប្រឈមនឹងការខ្វះខាតធនធានមនុស្ស

រូបភាពពី៖​ XINHUA

ហាណូយ៖ សារព័ត៌មានក្នុងស្រុក Vietnam News បានរាយការណ៍​ថា ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសវៀតណាម ប្រឈមនឹងការខ្វះខាតធនធានមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយសារតែការងើបឡើងវិញ នៃវិស័យទេសចរណ៍ និងការពង្រីកព្រលានយន្តហោះនៅទូទាំងប្រទេស។

ប្រធាននាយកដ្ឋានសេដ្ឋកិច្ចដឹកជញ្ជូនផ្លូវអាកាស នៃបណ្ឌិត្យសភាអាកាសចរណ៍វៀតណាម បានឲ្យដឹងថា មានតម្រូវការយ៉ាងសំខាន់ សម្រាប់អ្នកជំនាញអាកាសចរណ៍នៅក្នុងក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋានធំៗដូចជា អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat និងអាកាសយានដ្ឋានអន្តរជាតិ Long Thanh នៅទីក្រុងហូជីមិញ និងអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅទីក្រុងហាណូយ។

ឧស្សាហកម្មអាកាសចរណ៍របស់វៀតណាម ផ្តល់ការងារដល់បុគ្គលប្រមាណ ៤៤ម៉ឺន នាក់ក្នុងប្រតិបត្តិការដឹកជញ្ជូន កំពង់ផែ និងជើងហោះហើរ។ ប៉ុន្តែ​កម្លាំង​ការងារ​បរាជ័យ​ក្នុង​ការ​បំពេញ​តម្រូវការ ​ដែល​កំពុង​កើនឡើង​របស់​ឧស្សាហកម្ម​នេះ​។

លោក Ha Nam Khanh Giao នាយករងនៃបណ្ឌិត្យសភាបានស្នើថា វៀតណាម សហការជាមួយសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្តុះបណ្តាលបរទេស ដើម្បីបញ្ជូននិស្សិតទៅសិក្សានៅបរទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បន្ថែមពីលើការពង្រីកអាកាសយានដ្ឋាន ចំនួនអ្នកដំណើរក្នុងប្រទេសវៀតណាម កំពុងងើបឡើងវិញជាបណ្តើរៗ។ យោងតាមការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ វៀតណាម បានដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសជាង 33.8 លាននាក់ កើនឡើង ២២,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

យោងតាមការិយាល័យបានឱ្យដឹងថា ប្រទេសនេះបានស្វាគមន៍ការមកដល់អន្តរជាតិជាង ៦,៦ លាននាក់ក្នុងរយៈពេលដូចគ្នា ដែលក្នុងនោះការមកដល់ប្រទេសវៀតណាម តាមអាកាសស្មើនឹង ៨៧,៦ភាគរយ នៃចំនួនសរុប៕ ប្រែសម្រួល ឈូក បូរ៉ា

To Top