ព័ត៌មានអន្តរជាតិ

លោក បៃដិន ព្យាយាមជួបលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌ

ប្រភព៖Kyodo

វ៉ាស៊ីនតោន៖ មន្ត្រីសេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន មានឆន្ទៈជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន “ដោយគ្មានលក្ខខណ្ឌ​” ដើម្បីពិភាក្សាអំពីការលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមានលោក John Kirby បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្យូដូថា “ពួកគេមិនបានឆ្លើយ តបជាវិជ្ជមាន ចំពោះការផ្តល់ជូននោះទេ ប៉ុន្តែវានៅតែនៅលើតុ​ យើងមានឆន្ទៈក្នុងការអង្គុយចុះ និងចរចាដោយគ្មានលក្ខខណ្ឌ​” ។

លោក Kirby បានធ្វើការកត់សម្គាល់ មួយថ្ងៃមុនពេលលោក បៃដិន គ្រោងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលត្រីភាគីជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង ដែលការអភិវឌ្ឍន៍យ៉ាងឆាប់ រហ័សរបស់កូរ៉េខាងជើង លើសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីល នឹងក្លាយជារបៀបវារៈដ៏សំខាន់។

មិនដូចអ្នកស្នងតំណែងមុនគឺលោក ដូណាល់ ត្រាំ ដែលបានជួបជាមួយលោក គីម ជុងអ៊ុន ដោយផ្ទាល់ចំនួន ៣ដង រដ្ឋបាលរបស់លោក បៃដិន បានស្វែងរកវឌ្ឍនភាពឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរតាមរយៈបណ្តាញជាច្រើន ដែលពាក់ព័ន្ធនឹងមន្ត្រី ប៉ុន្តែមិនមែននៅកម្រិតកំពូលនោះទេ។

ការផ្តល់ជូននៃកិច្ចប្រជុំថ្នាក់កំពូលមួយ ដែលត្រូវបានបង្ហាញ ដោយលោក Kirby ដោយមិនបានបញ្ជាក់ថា តើការផ្តល់ជូននេះ ត្រូវបានធ្វើឡើង នៅពេលណានោះ បង្ហាញថា រដ្ឋបាល បៃដិន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីឈាន ដល់ប្រទេសកូរ៉េខាងជើង។

នៅក្នុងការអភិវឌ្ឍន៍ដែលពាក់ព័ន្ធ លោក Mira Rapp-Hooper នាយកជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខជាតិ សម្រាប់អាស៊ីបូព៌ា បានបង្ហាញនៅក្នុងព្រឹត្តិការណ៍ Think Tank កាលពីថ្ងៃពុធថា រដ្ឋបាលបាននិងកំពុងខិតខំប្រឹងប្រែងជាពិសេស ដើម្បីអញ្ជើញកូរ៉េខាងជើង ឱ្យមកតុចរចាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top